ខេត្តកណ្តាល ៖ បុរសម្នាក់បានជិះម៉ូតូទៅទទួលប្រពន្ធចេញពីធ្វើការដូចសព្វដង ស្រាប់តែទៅដល់ អង្គុយចាំប្រពន្ធបានមួយសន្ទុះក៏កើតមានអាការប្រកាច់ បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណរោងចក្រសួនឧស្សាហកម្មវ៉ាយសេវេន ធូ (Y Seven Two) ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ។
បុរសរងគ្រោះខាងលើ មានឈ្មោះភួង វន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះភូ ផា អាយុ៥១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិក្រោលខៀវ ឃុំភ្នំបាត ស្រុកពញាឮ។

តាមការបំភ្លឺពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជារៀងរាល់ថ្ងៃប្តីរបស់គាត់តែងតែជិះម៉ូតូមកទទួលគាត់ចេញពីធ្វើការនៅរោងចក្រក្នុងសួនឧស្សាហ៍កម្មវ៉ាយ សេវេន ធូ (Y Seven Two) ជាប្រចាំ។
ស្ត្រីជាប្រពន្ធបន្តថា លុះដល់វេលាម៉ោងកើតហេតុខាងលើ ប្តីរបស់គាត់ក៏បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្តាល 1AC-9814 មកទទួលគាត់ជាប្រពន្ធដូចសព្វដង។

ពេលមកដល់មុខអាគាររោងចក្រ ប្តីរបស់គាត់បានឈប់ម៉ូតូនៅកន្លែងកើតហេតុ រួចក៏ដើរទៅទិញភេសជ្ជៈ១កំប៉ុងយកមកផឹក រួចត្រឡប់មកអង្គុយលើម៉ូតូវិញ លុះបានមួយសន្ទុះក្រោយមក ប្តីគាត់ស្រាប់តែកើតមានអាការប្រកាច់ដួលភ្លាមៗ ហើយរំពេចនោះក៏មានសន្តិសុខរោងចក្របាននាំគ្នាជួយធ្វើចលនាសង្គ្រោះប្តីគាត់ដែរ តែអកុសល ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានដឹកសាកសពតាមម៉ូតូកង់បីត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទំនប់ធំ ចុះមកពិនិត្យតែម្តង។

ក្រោយមកកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ទំនប់ធំ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ រួចបញ្ជាក់ថា សាកសពមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕