បាត់ដំបង ៖ ស្ត្រីចំណាស់ម្នាក់ ជាមេជួញដូរថ្នាំញៀនដ៏កក្រើកប្រចាំក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចធ្ចើការឃាត់ខ្លួន ឆែកឆេររកឃើញម៉ាទឹកកកមួយចំនួន រួចក៏បាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍ប៉ូលិសតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ស្ត្រីដែលត្រូវឃាត់ខ្លួន មានឈ្មោះ វិន តឿ ហៅ យាយតឿ យាយសក់ស ភេទស្រី អាយុ៧៤ឆ្នាំ មានទីលំនៅក្នុងរ៉ាចង្រុក ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ដោយយោងតាមប្រសាសន៍របស់ឯកឧត្តមអ៊ុខ សុខុន ស្នងការនគរបាលខេត្តបាត់បំបដ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង និងកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យវិន តឿ ហៅ យាយតឿ យាយសក់ស ។

ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន ថ្នាំញៀនម៉ាទឹកកក (ICE) ចំនួន៤ថង់ ទម្ងន់១៦.៥៨ក្រាម ទាំងសំបក និងកូនថង់សំរាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន។

បច្ចុប្បន្ន វត្ថុតាងនិងជនសង្ស័យបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕