Tuesday, November 25, 2025
Homeព័ត៌មានជាតិស្រលាញ់ប្តី ចង់ឲ្យវិលមកដូចសភាពដើមវិញ ប៉ុន្តែបានត្រឹមដឹកសពមកផ្ទះ

ស្រលាញ់ប្តី ចង់ឲ្យវិលមកដូចសភាពដើមវិញ ប៉ុន្តែបានត្រឹមដឹកសពមកផ្ទះ

ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ ទោះជាលេបថ្នាំពេទ្យយ៉ាងណាក៏មិនបានធូរស្បើយ ទើបស្ត្រីជាប្រពន្ធបាននាំប្តីទៅដេកសម្រាកព្យាបាលនៅផ្ទះគ្រូខ្មែរម្នាក់ ដឹងអី‌! ស្រាប់តែប្តីបានក្រោកតាំងពីទៀបភ្លឺរត់ចូលទៅក្នុងវត្តលួចស្បង់ព្រះសង្ឃយកមកចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលពេញវត្ត។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចបរិវេណវត្តហប់ ស្ថិតក្នុងភូមិទទា ឃុំទ្រា ស្រុកស្ទោង។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះឃិន សំណាង អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង។

តាមសម្តីស្ត្រីឈ្មោះសឿង ផៃ អាយុ៣៥ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានរៀបរាប់ប្រាប់ថា រយៈពេលជាងមួយឆ្នាំមកហើយ ដែលប្តីរបស់គាត់ (ជនរងគ្រោះ) ចេះតែកើតមានអាការរវើរវាយតែងឃើញនេះឃើញនោះ និយាយតែឯង ទើបគាត់បានទិញថ្នាំសរសៃប្រសាទមក ឱ្យលេបថ្នាំ តែនៅឃើញថាបានធូរស្រាលសោះ។

ស្ត្រីជាប្រពន្ធ បន្តថា លុះក្រោយមកដោយឮដំណឹងថា មានគ្រូខ្មែរម្នាក់ឈ្មោះផល្លី នៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ល្បីខាងព្យាបាលជំងឺនេះ ទើបគាត់បាននាំប្តីមកសម្រាកព្យាបាលនៅផ្ទះគ្រូខ្មែរ តាំងពីថ្ងៃ២២ ខែមេសា ឆ្នាំ២០២០។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តទៀតថា លុះដល់វេលាម៉ោងប្រមាណ៥ទៀបភ្លឺ ឈានចូលថ្ងៃ២៤ ខែមេសា ឆ្នាំ២០២០ ប្តីរបស់គាត់បានភ្ញាក់ពីដំណេកទាំងអាការធម្មតា ហើយបានដើរទៅលុបមុខ រួចក៏ដើរលេងមកមុខផ្ទះគ្រូបានបន្តិចក៏ត្រឡប់មកវិញ ស្រាប់តែបានមួយសន្ទុះក្រោយមកទៀត ប្តីពុំមាននិយាយអ្វីទេក៏ដើរចេញពីផ្ទះបាត់ ចំណែកគាត់ជាប្រពន្ធក៏មិនបានចាប់អារម្មណ៍អ្វីដែរ ស្មានថាប្តីដើរលេងធម្មតា។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្ថែមថា លុះពេលបាត់ប្តីយូរពេក ទើបគាត់បានដើររករហូតដល់ក្នុងវត្តហប់ ទីតាំងកើតហេតុខាងលើ ស្រាប់តែប្រទះឃើញប្តីរបស់គាត់បានបានចងកនឹងស្បង់លោក ក្រោមដើមស្វាយនៅជាប់ចេតីយខាងកើតព្រះវិហារវត្តហប់ ស្លាប់បាត់ទៅហើយ ទើបគាត់បានស្រែកឆោឡោឡើងផ្អើលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋានភូមិឃុំ បានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសព រួចបញ្ជាក់ថា សពមានស្នាមជាំនៅជុំវិញក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះកើតមានជំងឺសរសៃប្រសាទរ៉ាំរ៉ៃព្យាបាលមិនជា។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឈ្មោះសឿង ផៃ ត្រូវជាប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES