Tuesday, November 25, 2025
Homeព័ត៌មានជាតិបងរកស៊ីជាមួយអូនបាន ហេតុអីមិនរួមជាប់ខ្នោះជាមួយគ្នាផង?

បងរកស៊ីជាមួយអូនបាន ហេតុអីមិនរួមជាប់ខ្នោះជាមួយគ្នាផង?

ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់បានបែកគំនិតនាំគ្នារកស៊ីជួញដូរថ្នាំញៀន លុះសមត្ថកិច្ចស៊ើបដឹង ចុះអន្តរាគមន៍ចាប់ឃាត់ខ្លួន ស្រាប់តែបុរសជាប្តីបានដាក់មេប្រូចបាត់ស្រមោល បន្សល់ទុកប្រពន្ធឱ្យសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបថ្នាំញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចរោងចាំចម្ការស្វាយមួយកន្លែង ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ិច មករា អាយុ៣៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ម្ស៉ៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់តូច ម៉ូតូហុងដាឌ្រីមសេ១២៥ ចំនួន១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1C-5667 ដាវដែក១ដើម និងសម្ភារវេចខ្ចប់ និងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចថា មានមុខសញ្ញា២នាក់ប្តីប្រពន្ធបានមកស្នាក់នៅក្នុងរោងចាំចម្ការស្វាយ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ និងបានធ្វើសកម្មភាពជួញដូរថ្នាំញៀនយ៉ាងសកម្មនៅទីកន្លែងនោះ។

ក្រោយពេលទទួលបានព័ត៌មានខាងលើរួចមក លោកវរសេនិយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានបញ្ជាឱ្យផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ចុះទៅសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកថ្មី ដោយបានចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យឈ្មោះម៉ិច មករា ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យឈ្មោះធួក ថា ភេទប្រុស អាយុ៤១ឆ្នាំ ដែលបានរត់គេចខ្លួនបាត់ចេញពីកន្លែងកើតហេតុ ហើយបានបន្សល់ទុកនៅថ្នាំញៀនចំនួន២កញ្ចប់តូច រួមនឹងវត្ថុតាងមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀនចំនួន២កញ្ចប់តូចនេះ គឺប្តីរបស់នាង់ជាអ្នកទៅទិញយកមកទុកលក់ចែកចាយបន្ត ហើយនិងទុកប្រើប្រាស់ផ្ទាល់ខ្លួនឯងផង លុះមុនពេលសមត្ថកិច្ចមកដល់ ប្តីនាងបានរត់គេចខ្លួនបាត់ទុកឱ្យនាងជាប់ខ្នោះតែម្នាក់ឯង។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES