ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានម្ចាស់ម៉ូតូកង់បីឥណ្ឌា ឃាត់ខ្លួនយកទៅឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ធ្វើការសាកសួរ បន្ទាប់ពីក្រុមជនសង្ស័យទាំង២នាក់ បានហៅម៉ូតូកង់បីជិះហើយ ម្នាក់ក្នុងចំណោមពួកគេបានសុំខ្ចីទូរស័ព្ទរបស់ម្ចាស់កង់បីតេ រួចក៏យកទៅបាត់ នៅសល់តែជនសង្ស័យម្នាក់នៅកន្លែងកើតហេតុ បែរជាឆ្លើយថា អត់ដឹងអី។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅចំណុចទល់មុខវត្តសន្សំកុសល តាមបណ្តោយផ្លូវលេខ២៧១ ក្រុម១៦ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះប៉ាក់ ផល្លី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ឈ្មោះអឿន សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរស៊ីឈ្នួលបេះត្រកួន ស្នាក់នៅផ្ទះជួលម្តុំព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ រីឯជនសង្ស័យម្នាក់ទៀតជាបក្ខពួកដែលយកទូរស័ព្ទរបស់ជនរងគ្រោះគេចខ្លួនបាត់ ឈ្មោះសាល ភេទប្រុស អាយុ៣០ឆ្នាំ។
តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកម៉ូតូកង់បីឥណ្ឌា ស្វែងរកម៉ូយ ស្រាប់តែមានបុរសជាជនសង្ស័យចំនួន២នាក់ បានហៅគាត់ឱ្យឌុបចេញពីម្តុំក្រុងតាខ្មៅ មកផ្សារដើមថ្កូវ ដោយមិនបានកំណត់តម្លៃនោះទេ គឺគិតតាមគីឡូ។ លុះមកដល់ចំណុចផ្លូវ២៧១ មុខវត្តសន្សំកុសល ស្រាប់តែជនសង្ស័យម្នាក់ បានប្រាប់ឱ្យឈប់ ហើយបាន សុំខ្ចីទូរស័ព្ទរបស់គាត់ ដើម្បីតេ។

ពេលនោះគាត់ក៏បានឱ្យទូរស័ព្ទខ្ចី ស្រាប់តែជនសង្ស័យម្នាក់នោះបានយកទូរស័ព្ទរបស់គាត់រត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកបក្ខពួកម្នាក់ទៀតនៅលើម៉ូតូកង់បី គាត់ក៏បានឃាត់ខ្លួនបញ្ជូនទៅឱ្យសមត្ថកិច្ចធ្វើការសាកសួរតែម្តង។
នៅពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យម្នាក់នេះបាននិយាយថា ខ្លួនមិនបានយកទូរស័ព្ទរបស់ជនរងគ្រោះទេ ហើយអ្នកដែលយកទូរស័ព្ទរត់គេចខ្លួនបាត់នោះ គឺគ្រាន់តែជាអ្នកស្គាល់គ្នាប៉ុណ្ណោះ។

ក្រោយពេលសាកសួររួច ជនរងគ្រោះមិនបានប្តឹងផ្តល់អ្វីនោះទេ គឺគ្រាន់តែសុំឱ្យសមត្ថកិច្ចធ្វើការអប់រំណែនាំ ហើយអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ៕