ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២០ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល ។

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តកណ្តាល ឯកឧត្តមសូមកោតសរសើរដល់មន្ត្រីរាជការទូទាំងខេត្តកណ្តាល និងថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់លើគ្រប់វិស័យ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមបានលើកទឹកចិត្តឲ្យបន្តការឧស្សាហ៍ព្យាយាមធ្វើការផង រៀនផង បន្តលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន និងស្ថាប័ន ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ឯកឧត្តមអភិបាលខេត្តកណ្តាល ក៏បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី ថាលទ្ធផលដែលលោក លោកស្រី ទទួលបាននាពេលនេះកើតឡើងចេញពីការខិតខំប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងគោរពនូវលក្ខណៈសម្បត្តិទាំង៤ របស់មន្ត្រីរាជការស៊ីវិល គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។

ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម ៖
១. បន្តគោរពឲ្យបាននូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត។
២. ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ចេះសហការគ្នាក្នុងពេលបំពេញការងារ ដើម្បីសម្រេចបាននូវលទ្ធផលការងារជូនអង្គភាពរបស់ខ្លួន ជូនរដ្ឋបាលខេត្ត និងប្រជាជនរបស់យើង។
៣. បន្តពង្រឹងឲ្យបាននូវលក្ខណៈសម្បិត្តិទាំង៤ របស់មន្ត្រីរាជការស៊ីវិល ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិកា វិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។
៤. ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល វះកាត់ ។
៥. ខិតខំពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការងារជំនាញដែលខ្លួនទទួលបន្ទុក ព្រមទាំងបន្តរៀនសូត្រស្វែងរកចំណេះដឹងថ្មីៗបន្ថែមទៀត ជាពិសេស ចំណេះដឹងផ្នែកភាសា និងផ្នែកព័ត៌មានវិទ្យា ដើម្បីអភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តនៃស្ថានភាពសង្គម៕

