Tuesday, November 25, 2025
Homeព័ត៌មានជាតិម្នាក់ៗអួតខ្លួនប៉ូលិសគ្រឿងញៀន ខឹងគេមិនព្រមយកកញ្ចប់បារី ស្រាប់តែ...

ម្នាក់ៗអួតខ្លួនប៉ូលិសគ្រឿងញៀន ខឹងគេមិនព្រមយកកញ្ចប់បារី ស្រាប់តែ…

ខេត្តកំពង់ឆ្នាំង ៖ ជនស៊ីវិលមួយក្រុមមានគ្នា៧ទៅ៨នាក់ ខ្លះមានទាំងអាវុធផងនោះបានបន្លំខ្លួនជាសមត្ថកិច្ចនគរបាលគ្រឿងញៀន ស្ទាក់ម៉ូតូប្រជាពលរដ្ឋ រួចទាញកាំភ្លើងវាយក្បាលយុវជនម្នាក់បណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួនរងរបួសយ៉ាងដំណំ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥២ ក្នុងភូមិសាស្ត្រភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជន២នាក់បានជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៥២ នៅពេលជិះទៅដល់ចំណុចកើតហេតុ ក៏ឃើញមានមនុស្សមួយក្រុមមានគ្នា៧ទៅ៨នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ៥គ្រឿង បានធ្វើការឃាត់ម៉ូតូរបស់យុវជន២នាក់ ហើយបានប្រាប់ថា ពួកគេជាប៉ូលិសបង្ក្រាបគ្រឿងញៀន។

បន្ទាប់មកមានមនុស្ស២នាក់ក្នុងចំណោមនោះ បានហុចកញ្ចប់បារី១កញ្ចប់ទៅឱ្យយុវជនទាំង២នាក់ តែពួកគេមិនព្រមទទួលយក ស្រាប់តែជនសង្ស័យបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក វាយទៅលើយុវជនម្នាក់បណ្តាលឱ្យបែកក្បាល រួចហើយក៏ឡើងជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោកឧត្តមសេនីយត្រី អ៊ៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា លោកបានទទួលព័ត៌មាននេះតាំងពីយប់មកម៉្លេះ ហើយបានចាត់កម្លាំងឱ្យធ្វើការស្រាវជ្រាវ ដែលនៅពេលនេះសមត្ថកិច្ចមូលដ្ឋានកំពុងតែធ្វើការហើយ បើលទ្ធផលយ៉ាងណានោះលោកនឹងផ្តល់ដំណឹងជាបន្តទៀត៕

RELATED ARTICLES