Tuesday, November 25, 2025
Homeព័ត៌មានជាតិគាត់នាំចៅៗមកពីងូតទឹកវិញ ផ្ទះរាបដល់ដីអស់ទៅហើយ

គាត់នាំចៅៗមកពីងូតទឹកវិញ ផ្ទះរាបដល់ដីអស់ទៅហើយ

ខេត្តស្ទឹងត្រែង ៖ ស្ត្រីមេម៉ាយម្នាក់រវល់ចេញទៅងូតទឹកអូរ ស្រាប់តែពេលត្រឡប់មកវិញត្រូវភ្លើងឆេះផ្ទះខូចខាតអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣១នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅចំណុចសាលាឆទាន ភូមិអូលាងគ្រោះ ឃុំក្បាលរមាស ស្រុកសេសាន។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្តារ មានម្ចាស់ឈ្មោះអន សំអាត ភេទស្រី អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅជាមួយកូនឈ្មោះប៊ី វិច្ឆិកា ភេទស្រី អាយុ២៣ឆ្នាំ និងចៅម្នាក់ឈ្មោះគឹម ឈុនលី អាយុ៣ឆ្នាំ។ ក្រុមគ្រួសាររងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីមេម៉ាយជាម្ចាស់ផ្ទះ រួមនឹងកូនចៅមិនបាននៅផ្ទះនោះទេ ដោយពួកគាត់រវល់ចេញទៅមុជទឹកនៅឯអូរលាងគ្រោះ ចម្ងាយពីផ្ទះប្រមាណជាង២គីឡូម៉ែត្រឯណោះ ស្រាប់តែពេលនោះអាគុយសាកផ្ទាំងសូឡា ក៏បានផ្ទុះឡើង បណ្តាលឱ្យកើតជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅតែម្តង។

លុះក្រោយពេលម្ចាស់ផ្ទះត្រឡប់មកវិញ ក៏ប្រទះឃើញភ្លើងឆេះផ្ទះអស់គ្មានសល់ ដោយមិនបានជួយអន្តរាគមន៍ពីអ្នកជិតខាង ឬរថយន្តពន្លត់អគ្គិភ័យឡើយ ព្រោះផ្ទះដែលឆេះនោះនៅឆ្ងាយពីទីរួមស្រុកនិងខេត្ត ដោយស្ថានភាពខ្យល់ផងនៅពេលឆេះនោះ ទើបបណ្តាលឱ្យភ្លើងឆាបឆេះលឿនយ៉ាងនេះ។

តាមរបាយការណ៍របស់លោកទេស លាប អធិការដ្ឋាននគរបាលស្រុកសេសាន រាយការណ៍ជូនលោកអភិបាលស្រុក បានបញ្ជាក់ថា ផ្ទះដែលទទួលរងនូវអគ្គីភ័យឆាបឆេះនោះ មានសមាជិក២នាក់ ស្រីទាំងពីរ ម្ចាស់ឈ្មោះអន សំអាត។

ចំណែកការខូចខាតវិញ រួមមាន អាគុយ១ ផ្ទាំងសូឡា១ លុយ១០ម៉ឺនរៀល កំប៉ុងហ្គាស១០កំប៉ុង ទូរស័ព្ទ២គ្រឿង រួមនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះត្រូវរងនូវការខូចខាតទាំងស្រុង។

ក្រោយការឆេះអស់ភ្លាមៗ លោកសម្បត្តិ ពិសិដ្ឋ អភិបាលស្រុកសេសាន បានចាត់ចែងឱ្យជនរងគ្រោះទាំង២នាក់ម្តាយនឹងកូនខាងលើ រកផ្ទះស្នាក់នៅបណ្តោះអាសន្នសិន ហើយនឹងយកអំណោយកាកបាទក្រហមកម្ពុជា សាខាស្រុក យកទៅចែកជូនដល់ក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះខាងលើនេះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ដោយមិនទុកឱ្យអ្នកណាម្នាក់ស្លាប់ដោយសារដាច់បាយឡើយ៕

RELATED ARTICLES