Tuesday, November 25, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចហៅមកមើលមុខពួកគេដល់ផ្ទះសំណាក់ ចុងក្រោយនាងនៅតែខកចិត្ត

សមត្ថកិច្ចហៅមកមើលមុខពួកគេដល់ផ្ទះសំណាក់ ចុងក្រោយនាងនៅតែខកចិត្ត

ភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់បានសម្រេច រត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស  មុខសាលារាជធានីភ្នំពេញ ក្នុងសង្កាត់ស្រះចក  ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ទី១-ឈ្មោះស្រីអូន អាយុ៥២ឆ្នាំ (ជាអ្នកបើកម៉ូតូ)  ទី២-ឈ្មោះខៀវ តុលា អាយុជាង៤០ឆ្នាំ (ជាអ្នកអង្គុយនៅពីក្រោយ និងជាម្ចាស់កាបូប)។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា  មុនកើតហេតុរូបគាត់ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល ១G-០២៥៨ ចេញពីម្តុំផ្សារទួលសង្កែ ឆ្ពោះទៅផ្សារអូរប្ញស្សី ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា មិនចាំស្លាកលេខ  បានធ្វើសកម្មភាពឆក់កាបូបគាត់ដែលនៅអង្គុយពីក្រោយបានសម្រេច រួចជិះគេចខ្លួនបាត់។

ប្រភពបានឱ្យដឹងដែរថា ភ្លាមៗនោះ សមត្ថកិច្ចកំពុងល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រទះឃើញជន សង្ស័យពីរនាក់ ដូចភិនភាគដែលប្រជាពលរដ្ឋបានរាយការណ៍ ក៏បានបើកម៉ូតូប្រដេញតាមរហូតមកដល់ចំណុចផ្ទះសំណាក់មួយកន្លែង តាមបណ្តោយផ្លូវលេខ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ក៏បានចូលក្នុងផ្ទះសំណាក់បាត់។

ភ្លាមនោះ សមត្ថកិច្ចក៏សុំការសហការពីម្ចាស់ផ្ទះសំណាក់ រួចក៏បានហៅជនរងគ្រោះមកមើលមុខថា ពិតជាជនសង្ស័យ ឬអត់? ប៉ុន្តែក្រោយពីជនរងគ្រោះបានពិនិត្យមើលរួចរាល់ ប្រាប់សមត្ថកិច្ចវិញថា អ្នកទាំងពីរនាក់ គឺមិនមែនជនសង្ស័យឆក់កាបូបរបស់គាត់នោះទេ។

ជនរងគ្រោះបានប្រាប់ឱ្យដឹងដែរថា នៅកាបូបរបស់គាត់មានលុយចំនួន១០០ដុល្លារ និង៦០ម៉ឺនរៀល ទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿង។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីងាយស្រួលសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យទាំងពីរនាក់ យកមកផ្តន្ទាទោសទៅតាមច្បាប់៕

RELATED ARTICLES