Tuesday, November 25, 2025
Homeព័ត៌មានជាតិហូបពងមាន់អាំង និងបុកល្ហុងរួច អ្នកជិតខាងផ្អើល នាំគ្នាដឹកទៅមន្ទីរពេទ្យ

ហូបពងមាន់អាំង និងបុកល្ហុងរួច អ្នកជិតខាងផ្អើល នាំគ្នាដឹកទៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ១គ្រួសារមានសមាជិកចំនួន៥នាក់ បានទិញបុកល្ហុង និងពងមាន់អាំង ព្រមទាំងបង្អែមយកមកហូបជុំគ្នា លុះក្រោយពីហូបរួចក៏ស្រាប់តែកើតមានអាការពុល វិលមុខទន់ដៃជើង ក្អួតចង្អោរយ៉ាងខ្លាំង និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិទានកាំជើង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ។

ជនរងគ្រោះទាំង៥នាក់ខាងលើ រួមមាន ៖

ទី១-ឈ្មោះប៊ុន សារឿន អាយុ៤៩ឆ្នាំ ជាប្តី។
ទី២-ឈ្មោះខិម សារ៉ាយ អាយុ៤២ឆ្នាំ ជាប្រពន្ធ។
ទី៣-ឈ្មោះប៊ុន កំសត់ ភេទប្រុស អាយុ០៨ឆ្នាំ ជាកូន។
ទី៤-ឈ្មោះប៊ុន សារិន ភេទស្រី អាយុ០៦ឆ្នាំ ជាកូន។
និងទី៥-ឈ្មោះឈូ រ៉ាឈាន ភេទស្រី អាយុ០៣ឆ្នាំ ជាកូន។ ជនរងគ្រោះទាំង៥នាក់ ត្រូវជាឪពុកម្តាយកូននឹងគ្នា និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមគ្រួសារខាងលើបានទិញពងមាន់អាំង និងបុកល្ហុង ព្រមទាំងទិញបង្អែមលក់ក្នុងភូមិយកមកហូបជុំគ្នា។ លុះក្រោយពេលហូបរួច មិនបានប៉ុន្មានម៉ោងក្រោយមក ក៏ស្រាប់តែជនរងគ្រោះទាំង៥នាក់បានកើតមានអាការទន់ដៃជើង វិលមុខក្អួតចង្អោរ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយដឹកបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ភ្លាមៗ។

លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានភាពអ្នកជំងឺស្រាលដែរទេ ហើយក្រុមគ្រូពេទ្យបាននឹងកំពុងយកចិត្តទុកដាក់តាមដានពិនិត្យបន្សាបព្យាបាល ហើយយកសំណាកទៅពិនិត្យរកមូលហេតុ៕

RELATED ARTICLES