ខេត្តតាកែវ ៖ ជនជាប់ចោទម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកាតុលាការ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនអស់រយៈពេល៨ឆ្នាំ លុះនឹកស្មានថាលែងអី លបវិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់នាំយកទៅចាត់ការតាមច្បាប់។
ការចាប់ខ្លួនជនជាប់ចោទជាឃាតករខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិស្វាយខម ឃុំដូង ស្រុកបាទី។
ជនជាប់ចោទដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជ្រិន សេងហួយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទខាងលើនេះ ធ្វើឡើងដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី និងអនុវត្តន៍តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៩ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ របស់លោកអ៊ិន ម៉ានិត្យ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះជ្រិន សេងហួយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ពីបទឃាតកម្មដែលប្រព្រឹត្តនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។
យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនខាងលើ បានបញ្ជាក់ថា ឈ្មោះជ្រិន សេងហួយ ភេទប្រុស អាយុ២០ឆ្នាំ បានប្រព្រឹត្តបទឃាតកម្ម កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ហើយមិនបានចូលខ្លួនតាមការកោះហៅរបស់តុលាការឡើយ។
អំពើប្រព្រឹត្តរបស់ជនត្រូវចោទឈ្មោះជ្រិន សេងហួយ ជាបទឧក្រិដ្ឋ ហើយជនត្រូវចោទមានភាពរឹងទទឹង និងដើម្បីឱ្យមានការស៊ើបអង្កេតមានលក្ខណៈច្បាស់លាស់ គួរចាប់ខ្លួនជនត្រូវចោទបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីធ្វើសកមμភាពសម្លាប់មនុស្សរួចហើយ ជនឈ្មោះជ្រិន សេងហួយ បានព្យាយាមរត់គេចចេញពីលំនៅដ្ឋានទៅពួនសម្ងំលាក់ខ្លួនបាត់អស់រយៈពេល៨ឆ្នាំ។ ស្រាប់តែមកដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក៏លេចមុខជននេះវិលត្រឡប់មកស្រុកកំណើតវិញ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនតាមដីកាតុលាការតែម្តង។
ជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕