Tuesday, November 25, 2025
Homeព័ត៌មានជាតិអួតគ្មានអ្នកណាហ៊ានធ្វើអីខ្លួន ពេលនេះសមត្ថកិច្ចឃាត់បានហើយ

អួតគ្មានអ្នកណាហ៊ានធ្វើអីខ្លួន ពេលនេះសមត្ថកិច្ចឃាត់បានហើយ

ខេត្តព្រះសីហនុ ៖ បុរសថ្លើមធំម្នាក់ដែលបានធ្វើសកម្មភាពយកជើងជាន់លើក្រដាសប្រាក់រៀល រួចថតបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំចង់និយាយថា ចុះបើខ្ញុំធ្វើបែបនេះ តើមានអ្នកណាហ៊ានធ្វើអីខ្ញុំ” ពេលនេះត្រូវបានសមត្ថកិច្ចស្រុកព្រៃនប់ ធ្វើការចាប់ឃាត់ខ្លួនហើយ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់។

ជនដែលត្រូវបានចាប់ខ្លួននេះ មានឈ្មោះអាត់ អេង ហៅអាត់ សំអង ឬសេន អាត ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនខាងលើត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងខេត្តសៀមរាប មួយច្បាប់លេខ៩៦,២០២០ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកកើត វណ្ណារ៉េត ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ឱ្យចូលខ្លួនទៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

យោងតាមដីកាបង្គាប់ឱ្យចូលខ្លួនខាងលើបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៧និង៤០នាទីយប់ មានជនសង្ស័យឈ្មោះអាត់ អេង ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះត្រាំងសិលាអង្គរធំភូមិប្រាសាទ បានសរសេរបង្ហោះរូបភាពដែលបានយកជើងទៅជាន់លើប្រាក់រៀលខ្មែរនិងសរសេរជាខ្លឹមសារថា “ខ្ញុំចង់និយាយថា ចុះបើខ្ញុំធ្វើបែបនេះ តើអ្នកណាហ៊ានធ្វើអីខ្ញុំ?”។

បន្ទាប់មកនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១១និង១១នាទីព្រឹក គណនីហ្វេសប៊ុកខាងលើ បានបង្ហោះរូបភាពមានអាវុធវែងម៉ាក AK47 ភ្ជាប់ជាមួយរូបសម្តេចតេជោ ហ៊ុន សែន ដោយសរសេរថា “ទុកបាញ់ក្បាលហ៊ុនសែន”។

បន្ទាប់មកទៀត នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទីព្រឹក បានបង្ហោះរូបភាពបន្ថែមទៀត ដោយមានរូបព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចតេជោហ៊ុន សែន ជិះម៉ូតូជាមួយគ្នា និងសរសេរដោយពាក្យអសុរោះ។

ក្រោយមកទៀត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២និង៣៦នាទីរសៀល បានបង្ហោះរូបភាពមានរូបជើងជាន់នៅលើទង់ជាតិខ្មែរ និងរូបស្ត្រីម្នាក់ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះត្រាំ ង សិលា ដោយសរសេរខ្លឹមសារថា “ពួកអាខ្មែរល្ងង់ឯង មិនចេះមើលទេអី ជើងប្រុសជើងស្រី ជើងអញ បងស្រីអញអ្នកថតពួកអាខ្មែរហ្នឹងនោះ អាខ្មែរល្ងង់មួយពូជ ខ្មែរប្រែថាឆ្កែ”។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៦និង២៦នាទីព្រឹក បានបង្ហោះរូបភាពមានរូបអាវុធខ្លី ម៉ាករ៉ូឡូ និងបានសរសេរថា “ទុកបាញ់ក្បាលខ្មែរ”។

បច្ចុប្បន្នមុខសញ្ញាជនជាប់ចោទខាងលើ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES