ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីលែងលះគ្នាជាមួយប្រពន្ធរួចហើយ ស្រាប់តែខូចចិត្តចេះតែដើរផឹកស្រា និងប្រើថ្នាំញៀនជាប់ជាប្រចាំ លុះក្រោយមកក៏បានបង្ហោះសារសុំទោសប្រពន្ធរបស់ខ្លួន រួចក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រលប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលលេខ២២ ភូមិព្រែកព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះអ៊ូ វីរ៉ាវីន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសរងគ្រោះខាងលើធ្លាប់មានប្រពន្ធនឹងគេដែរ តែក្រោយមកដោយសារតែរស់នៅមិនចុះសម្រុង ទើបឈានដល់ការលែងលះគ្នាមួយរយៈមកហើយ។ តាំងពីលែងលះជាមួយប្រពន្ធរួចមក បុរសរងគ្រោះហាក់មានអារម្មណ៍ថា ខូចចិត្តចេះតែដើរផឹកស្រាស្រវឹងសឹងរាល់ថ្ងៃ និងថែមទាំងផុងខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង។

ប្រភពដដែលបន្តថា ក្រោយមកបុរសខាងលើក៏បានទាក់ទងស្នេហាជាមួយនឹងនារីម្នាក់ដែរ តែមិនសូវមានសុភមង្គលប៉ុន្មានឡើយ ដោយចេះតែប្រើអំពើហិង្សាវាយដំធ្វើបាបនារីជាសង្សារជាញឹកញាប់ រួចក៏បែកចែកផ្លូវគ្នាវិញបាត់ទៀត។
លុះក្រោយមកទៀត នៅមុនពេលកើតហេតុ រយៈពេល៥ថ្ងៃ គេឃើញជនរងគ្រោះខាងលើបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថា “គ្រប់ទង្វើបងសុំទោស បងលាអូនរហូតហើយ” ស្រាប់តែរំលងបាន៥ថ្ងៃ ជនរងគ្រោះដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួនបែបនេះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យត្រួតពិនិត្យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕