ភ្នំពេញ ៖ ក្រុមអ្នកជំនាញខាងកសិកម្ម បានបង្ហាញលក្ខណៈពិសេសរបស់បន្លែ ផ្លែឈើ ត្រី សាច់ និង ផលិតផលជាច្រើនទៀតនៅផ្សារទំនើបធម្មជាតិឡេង ណាវ៉ាត្រា ដល់សាធារណជន តាមរយៈសន្និសីទ កាសែតមួយ កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅទីតាំងផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។
ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បានដាក់ឲ្យដំណើរការសាកល្បងជិត២សប្ដាហ៏មក ហើយ ដោយទទួលបានគាំទ្រពីបងប្អូនខ្មែរយើង ដោយសារតែផ្សារមួយនេះប្រមូលទិញតែផលិតផលធម្មជាតិរបស់កសិករខ្មែរ លក់តែកសិផលធម្មជាតិរបស់កសិករខ្មែរប៉ុណ្ណោះ។

លោកសម វិទូ អ្នកគ្រប់គ្រងបច្ចេកទេសកសិកម្ម និងត្រួតពិនិត្យផលិតផល បានឲ្យដឹងថា ផលិតផលដែលបានដាក់លក់ក្នុងផ្សារទាំងអស់ គឺក្រុមហ៊ុនបានទិញពីប្រជាកសិករស្ទើរគ្រប់ខេត្ត ពោលគឺមានចំនួន១៨ខេត្ត ដោយនៅក្នុងនោះ ក្រុមការងារលើជំនាញកសិកម្មបានចុះទៅដល់តាមបណ្ដាខេត្ត-ក្រុង ទាំងនោះ ដែលមានការដាំដុះបន្លែ ផ្លែឈើ ធម្មជាតិពិតៗ។

ក្នុងនោះដែរ យើងបានចងក្រងជាភ្នាក់ងារដាំបន្លែ ផ្លែឈើ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់មកផ្សារ ដោយខាងក្រុមហ៊ុននឹងចាំទទួលទិញកសិផលរបស់ពួកគាត់យកមកលក់បន្ត នូវតម្លៃសមរម្យ ដែលពួកគាត់អាចទទួលយកបាន។

លោកបន្តថា ទន្ទឹមគ្នានោះដែរបន្លែផ្លែឈើ ក៏ដូចជា ត្រីសាច់ ដែលបងប្អូនកសិករផលិតមកនោះ សុទ្ធតែត្រូវបានធ្វើតេស្តជាមុន ហើយបញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកដាក់លក់ក្នុងផ្សារទំនើបមួយនេះបាន។

លោកសម វិទូ បន្ថែមថា ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ទទួលលក់តែកសិផលធម្មជាតិខ្មែរនោះទេ ផលិតផលនាំចូលពីក្រៅប្រទេស អត់ទទួលលក់ទេ មុនដាក់លក់ យើងសុទ្ធតែធ្វើតេស្តជាមុនសិន បញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកដាក់លក់ក្នុងផ្សារបាន ហើយបើក្រុមកសិករណាដាំយកមកលក់ឲ្យ យើងពិនិត្យឃើញមានជាតិគីមី យើងឈប់ទទួលទិញពីពួកគាត់ យកមកលក់ ហើយ ដោយក្រុមហ៊ុនបានប្រកាន់ខ្ជាប់នូវគោលការណ៍ធំមួយ គឺ “កសិផលជាតិ គិតសុខភាពជាចម្បង”។

និយាយជារួម ដើម្បីធានាសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ព្រោះរាល់កសិផលទាំងអស់ដាក់លក់ក្នុងហាង ត្រូវបានតាមដានត្រួតពិនិត្យតាំងពីកន្លែងដាំដុះ រហូតដល់កន្លែងវេចខ្ចប់តែម្ដង។ ក្នុងនោះដែរ កសិករទាំងអស់ត្រូវបានចុះកិច្ចសន្យា និងកុងត្រាស្របតាមគោលការណ៍ដាំដុះធម្មជាតិ។

ក្នុងរយៈពេលជិតកន្លះខែ ដែលបានសាកល្បងដំណើរការមកនេះ ឃើញថា មានបងប្អូនខ្មែរបានគាំទ្រជាខ្លាំង ដោយពួកគាត់បានមកទិញផ្ទាល់ ហើយអ្នកខ្លះបានកុម្មង់ទិញតាមទូរស័ព្ទ ជាដើម។ បច្ចុប្បន្ន ផ្សារមានលក់កសិផលធម្មជាតិ សរុបជាង៣០០មុខ ក្នុងតម្លៃសមរម្យបំផុត។

សូមរំឭកថា “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” មានទីតាំងស្ថិតនៅអគារ #S3-17 តាមបណ្តោយផ្លូវឧកញ៉ាទេពផន ផ្លូវ182 ខាងមុខនៃផ្សារទំនើបអូឡាំព្យា។

លោកអ្នកអាចកុម្មង់ទិញតាមរយៈវេបសាយ “ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា” ឬ Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត] និងលេខទូរស័ព្ទ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ឬមួយលោកអ្នកគ្រាន់តែចុចកុម្ម៉ង់ទិញតាមវេបសាយ ឬ Mobile app ក៏បាន នោះក្រុមការងារនឹងដឹកជូនភ្លាមៗ ដោយឥតគិតថ្លៃ ក្នុងរយៈពេលតែ២០នាទីប៉ុណ្ណោះ៕