Monday, November 24, 2025
Homeព័ត៌មានជាតិមេប៉ុស្តិ៍ចុកឆ្អល់មិនស្ទើរ ដោយសារនាងប្រឹងរើបម្រះខ្លាំងពេក

មេប៉ុស្តិ៍ចុកឆ្អល់មិនស្ទើរ ដោយសារនាងប្រឹងរើបម្រះខ្លាំងពេក

ភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីក្នុងខ្លួន និងស្ថិតក្នុងស្ថានភាពមិនប្រក្រតី បានធ្វើសកម្មភាពស្រាតខោអាវចេញអស់ពីខ្លួន (ននលគក) រួចរត់ពេញដងផ្លូវ បន្ទាប់មកក៏ចូលទៅអុកឡុកក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ តែទម្រាំចាប់ឃាត់បាន លោកមេប៉ុស្តិ៍ត្រូវបានស្ត្រីអាក្រាតកាយរូបនោះធាក់ចំនួន៥ជើងឡើងចុកឆ្អល់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេងឥន្ធនៈភ្នំពេញថ្មី មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីអាក្រាតកាយដែលបង្កការអុកឡុកពេញក្នុងស្ថានីយប្រេងឥន្ធនៈខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណ៣០ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើស្ថិតក្នុងសភាពនិយាយស្តីររើរវាយ មិនដឹងជាធ្វើដំណើរមកពីណា ស្រាប់តែបានដើរតាមបណ្តោយផ្លូវបេតុងលេខ១៨៨៦ ទាំងកណ្តាលថ្ងៃក្តៅហែង ដោយគ្មានសម្លៀកបំពាក់ជាប់ខ្លួនបន្តិចសោះ (អាក្រាតកាយ ននលគក)។

លុះមកដល់ត្រង់ចំណុចផ្លូវកែងលេខ១០០៣ ស្ត្រីអាក្រាតកាយខាងលើក៏បានដើរចូលទៅក្នុងស្ថានីយប្រេងឥន្ធនៈភ្នំពេញថ្មី ស្រែកឡូឡានិងត្រូវបានបុគ្គលិកចាក់សាំងចេញមកឃាត់ដែរ តែស្ត្រីរូបនោះមិនស្តាប់ លុះឃើញរថយន្តកូរ៉េ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-4610 កំពុងចាក់សាំង ក៏ស្ទុះឡើងទៅលើទ្រុងខាងក្រោយទាញទុយាចាក់សាំង វាយទ្រុងរថយន្ត និងទូចាក់សាំង លុះឃើញមានគេចូលឃាត់ ក៏ទាញទុយោសាំងនោះវាយសំពងគេឯងថែមទៀត។

ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ស្ត្រីរូបនោះក៏បានលោតចុះពីទ្រុងខាងក្រោយរថយន្តកូរ៉េ ហើយក៏បានបើកទ្វារចូលទៅក្នុងកាប៊ីនខាងមុខ ទាំងដែលតៃកុងរថយន្តកំពុងនៅក្នុងនោះ ធ្វើឱ្យតៃកុងរថយន្តភ័យក៏ដកសោចេញ និងព្យាយាមដេញស្ត្រីអាក្រាតកាយរូបនោះឱ្យចុះ តែនាងមិនព្រមចុះ និងទាញបានដែក១ដើម ពីក្នុងរថយន្តនោះ វាយកញ្ចក់រថយន្តផ្នែកខាងមុខ បណ្តាលឱ្យបែកខ្ទេច និងគំរាមវាយគេឯងដែលចូលមកឃាត់ទៀតផង។

ភ្លាមនោះ ស្ត្រីជាម្ចាស់ស្ថានីយប្រេងខាងលើ ភ័យខ្លាចស្ត្រីអាក្រាតកាយខាងលើ បង្កជាអគ្គិភ័យ ក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ប្រភពខាងលើបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកមេប៉ុស្តិ៍ភ្នំពេញថ្មី បានចុះ មកដល់ទីតាំងកើតហេតុ និងបានព្យាយាមចូលទៅចាប់ឃាត់ស្ត្រីអាក្រាតកាយរូបនោះនៅក្នុងប៊ីនរថយន្តកូរ៉េ ប៉ុន្តែត្រូវស្ត្រីរូបនោះព្យាយាមតដៃកាន់ដែកវាយផង ធាក់ផង បណ្តាលឱ្យត្រូវចំដើមទ្រូងលោងមេប៉ុស្តិ៍មិនក្រោម៥ជើងនោះទេ ទម្រាំសមត្ថកិច្ចអាចចាប់ឃាត់ស្ត្រីរូបនោះបាន រួចយកក្រមាមករុំព័ទ្ធខ្លួនប្រាណស្ត្រីរូបនោះដើម្បីបិទបាំងកេរ្តិ៍ខ្មាស ដោយក្នុងនោះក៏មានវត្តមាន ប៉ូលិសស្រីម្នាក់ជាអ្នកជួយចាប់ស្លៀកក្រមាគ្របបិទបាំងខ្លួនប្រាណឱ្យស្ត្រីម្នាក់នោះផងដែរ ព្រោះមនុស្សស្រីដូចគ្នាងាយស្រួលធ្វើការ។

តាមសម្តីលោកមេប៉ុស្តិ៍ បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថា មានស្ត្រីអាក្រាតកាយម្នាក់អុកឡុកទីតាំងកើតហេតុខាងលើ លោកក៏បានដឹកនាំកម្លាំងប៉ុស្តិ៍ ដោយក្នុងនោះ មានសមត្ថកិច្ចម្នាក់ជានារីចុះមកជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែដោយសារតែស្ត្រីម្នាក់នោះហាក់មានសភាពបែកថ្នាំខ្លាំង រវើរវាយនិយាយស្តីស្តាប់គ្នាមិនបាន ណាមួយជាមនុស្សស្រី ថែមទាំងអាក្រាតកាយទៀត ទើបកម្លាំងសមត្ថកិច្ចជាបុរសមិនអាចចាប់ក្រៀកបានដោយងាយស្រួលឡើយ មិនតែប៉ុណ្ណោះស្ត្រីម្នាក់នេះបានប្រឹងរើបម្រះខ្លាំងណាស់ និងមានកម្លាំងខ្លាំងដូចក្របីឡើងក ថែមទាំងធាក់លោកចំនួន៥ជើងចំដើមទ្រូងធ្វើឱ្យចុកឆ្អល់ទៀតផង។

យ៉ាងណាក្តី ស្ត្រីអាក្រាតកាយខាងលើ បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ឃាត់ ស្លៀកពាក់បិទបាំងរាងកាយឱ្យរួចរាល់ហើយ សមត្ថកិច្ចក៏បានដឹកស្ត្រីរូបនោះតាមម៉ូតូកង់បី ទៅប្រគល់ឱ្យខាងមន្ទីរសង្គមកិច្ច ដើម្បីចាត់ការបន្តបាត់ទៅ។

ដោយឡែក អ្នកបើកបរថយន្តកូរ៉េ ដែលទទួលរងការខូចខាតយ៉ាងដំណ ក្រោមស្នាដៃស្ត្រីអាក្រាតកាយខាងលើបានបញ្ជាក់ថា ករណីនេះខ្លួនបានត្រឹមខលទៅប្រាប់ថៅកែដែលជាម្ចាស់រថយន្តប៉ុណ្ណោះ ព្រោះមិនដឹងធ្វើម៉េច ហើយក៏មិនដឹងជាទៅប្តឹងផ្តល់រកសំណងពីណាមកដែរ ដោយសារតែស្ត្រីរូបនោះ មើលទៅបើមិនបែកថ្នាំ ក៏សតិមិនប្រក្រតីដែរ៕

RELATED ARTICLES