ភ្នំពេញៈ ឱសថស្ថានមួយកន្លែង ស្ថិតនៅម្តុំផ្សារអូឡាំពិក ត្រូវបានគណឱសថការីកម្ពុជា ចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ឱសថស្ថាននោះ មិនឲ្យបន្តលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជន ដើម្បីយកទៅប្រើលើមនុស្សទៀតនោះទេ។

គណឱសថការីកម្ពុជា បានបង្ហោះសារថា “ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិកបានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជនដើម្បីយកទៅប្រើលើមនុស្ស។ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គណៈឱសថការីរាជធានីភ្នំពេញបានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ឱសថស្ថានមិនឲ្យមានបាតុភាពនេះកើតឡើងម្ដងទៀត។
សូមសាធារណៈជនជ្រាបជាព័ត៌មាន”។

គណឱសថការីកម្ពុជា បានបង្ហោះបន្ថែមថា “ដោយមានឱសថស្ថានមួយចំនួនបានយកឧបករណ៍វាស់កម្ដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ មកលក់ឱ្យអតិថិជនទៅប្រើប្រាស់ក្នុងវិស័យសុខាភិបាល។ គណៈឱសថការីកម្ពុជាសូមអំពាវនាវដល់ឱសថការីទទួលបន្ទុកបច្ចេកទេសទាំងអស់ចូលរួមសហការជាបន្ទាន់លើករណីនេះ គឺត្រូវតែអប់រំណែនាំដល់ម្ចាស់ទុនមិនឱ្យបន្តលក់ជាដាច់ខាត ដើម្បីជៀសវាងការប្រឈមមុខចំពោះមុខច្បាប់។

គណៈឱសថការីកម្ពុជាសង្ឃឹមថាឱសថការីទទួលបន្ទុកបច្ចេកទេសទាំងអស់នឹងចូលរួមអនុវត្តជាបន្ទាន់។

ដោយឡែក ក្រមសីលធម៌ឱសថការីមាត្រាទី១៧ បានបញ្ជាក់ថា “ឱសថការីត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់សកម្មភាពទាំងឡាយណាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ទោះបីជាសកម្មភាពនោះប្រព្រឹត្តដោយសហការីរបស់ខ្លួនក៏ដោយ និងត្រូវធ្វើយ៉ាងណាបុគ្គលិកក្រោមឱវាទគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងកាតព្វកិច្ចនិងករណីយកិច្ចដែលមានចែងក្នុងអនុក្រឹតនេះ”។

ចំណែកបើយោងតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានបង្ហោះសារថា ” (សំរាប់បាញ់វាស់បេតុងបែរជាយកមកបាញ់វាស់ក្បាលមនុស្ស) បងប្អូនដែលមានកូនតូចត្រូវមើលតាមសាលារៀនផង ក្រែងលោហ៍គ្រូៗគាត់អត់ដឹងគាត់ប្រើម៉ាសុីននេះសំរាប់វាស់កំដៅកូនបងប្អូន ដែលវាអាចប៉ះពាល់ដល់សុខភាព ខួរក្បាល និងភ្នែកកូនបងប្អូន។ គណៈឱសថការីក៏បានចុះណែនាំដល់ឱសថស្ថានមួយចំនួនដែរដែលដាក់លក់ឧបរណ៍នេះ”៕