Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន កំពុងអង្គុយប្រជុំរដ្ឋសភា មិនដូចទូរទស្សន៍បរទេសមួយផ្សាយថា ឆ្លងជំងឺកូវីត-១៩

សម្តេចហ៊ុន សែន កំពុងអង្គុយប្រជុំរដ្ឋសភា មិនដូចទូរទស្សន៍បរទេសមួយផ្សាយថា ឆ្លងជំងឺកូវីត-១៩

ខណៈដែលមានទូរទស្សន៍បរទេសមួយបានចុះផ្សាយថា សម្តេចហ៊ុន សែន បានឆ្លងជំងឺកូវីត-១៩ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងព្រួបារម្ភជាខ្លាំងនោះ នៅព្រឹកនេះ សម្តេចបានអញ្ជើញចូលរួមបើកសម័យប្រជុំវិសាមញ្ញរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់ចំនួន៦ទៀត។

សម្តេចហ៊ុន សែន បានបង្ហោះសារថា “មានទូរទស្សន៏បរទេសមួយ បានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិង ថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអាទិត្យ ទី១៥ មិនា ២០២០។

កូវីត១៩ វាកាចសាហាវណាស់ទៅហើយ តែពត៌មានក្លែងក្លាយវាកាចសាហាវជាង ជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវ តែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៍គ្រោះថ្នាក់នេះ”។

សម្តេហ៊ុន សែន បានបន្ថែមថា “សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយះ វិធានការអានាម័យដោយចាប់ផ្តើមពីមនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗ ដើម្បីធានាថា នៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លងរួចមកហើយ ចំនួន៥នាក់ ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់ និង (ចិន១នាក់ ដែលបានព្យាបាលជាសះស្បើយរួចហើយ)។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់៥ទៀត។

កិច្ចប្រជុំនេះដឹកនាំដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងសមាជិករដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលផងដែរ។

សេចក្តីព្រាងច្បាប់ទាំង៦ ដែលលើមកពិភាក្សា និងអនុម័តនាពេលនេះ រួមមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។

៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម៕

RELATED ARTICLES