Monday, November 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចឃ្លាំមើលជាប្រចាំក្បែរកុដិ ទើបដឹងច្បាស់ពីលោកសង្ឃ១អង្គនេះ

សមត្ថកិច្ចឃ្លាំមើលជាប្រចាំក្បែរកុដិ ទើបដឹងច្បាស់ពីលោកសង្ឃ១អង្គនេះ

ខេត្តព្រៃវែង ៖ ជារឿងដ៏គួរឱ្យហួសចិត្ត ខណៈដែលព្រះចៅអធិការវត្តស្តីទីមួយអង្គត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពិនិត្យឃើញមានសារធាតុញៀននៅក្នុងខ្លួន ហើយឆែកឆេររកឃើញថ្នាំញៀន និងឧបករណ៍សម្រាប់ជក់ថ្នាំញៀននៅក្នុងកុដិថែមទៀត។

ករណីនេះបានកើតឡើង កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចបរិវេណវត្តក្រាំងស្លា ដែលស្ថិតក្នុងភូមិវល្លិយាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ព្រះសង្ឃដែលត្រូវបានចាប់ខ្លួន មានព្រះនាម ខុន ម៉ាក់ ព្រះជន្ម៣២វស្សា និងមានតួនាទីជាព្រះគ្រូចៅអធិការវត្តស្តីទីវត្តក្រាំងស្លា។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលឈានដល់ការចុះទៅត្រួតពិនិត្យ និងឆែកឆេរក្នុងកុដិព្រះសង្ឃខាងលើ សមត្ថកិច្ចធ្លាប់បានទទួលព័ត៌មានពីយាយជីតាជីក្នុងវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត២ទៅ៣ដងរួចមកហើយ ប៉ុន្តែដោយពុំមានភ័ស្តុតាងច្បាស់លាស់ និងមិនចង់ឱ្យសាមីខ្លួនដឹងខ្លួន ទើបសមត្ថកិច្ចនៅរក្សាភាពស្ងប់ស្ងៀមសិន ប៉ុន្តែបានដាក់កម្លាំងតាមឃ្លាំមើលជាប្រចាំ។

រហូតមកដល់រសៀលថ្ងៃទី០៧ ខែមីនា ពេលដែលទទួលបានព័ត៌មានច្បាស់ការណ៍ហើយ ទើបស្នើសុំការសហការពីមន្ត្រីធម្មការស្រុក មន្ត្រីសង្ឃស្រុក និងអាជ្ញាធរដែនដី ចុះទៅធ្វើការពិនិត្យទឹកនោម ព្រះសង្ឃនាម ខុន ម៉ាក់ នៅក្នុងវត្តក្រាំងស្លា ហើយជាលទ្ធផលបញ្ជាក់ថា មានសារធាតុញៀនពិតប្រាកដមែន ទើបបន្តឆែកឆេរក្នុងកុដិថែមទៀត ក៏ប្រទះឃើញវត្តុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស១កញ្ចប់ទៀត រួមទាំងឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួនផងដែរ ។

ក្រោយពីពិនិត្យនិងឆែកឆេរឃើញបែបនេះ មន្ត្រីធម្មការស្រុក និងព្រះអនុគណស្រុក ក៏សម្រេចផ្សឹកសង្ឃនាម ខុន ម៉ាក់ រួចប្រគល់ទៅឱ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីនៅល្ងាចថ្ងៃដដែលនោះតែម្តង ហើយសមត្ថកិច្ចក៏បន្តកសាងសំណុំរឿងបញ្ជូនអន្ទិត ខុន ម៉ាក់ រួមទាំងវត្ថុតាងទៅតុលាការ និងត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត នៅថ្ងៃបន្ទាប់នោះផងដែរ៕

RELATED ARTICLES