ខេត្តកណ្តាល ៖ ស្ត្រីសង្ស័យម្នាក់លួចបារីបានសម្រេច៨លើកហើយ ញ៉ាមមកលួចទៀត ក៏ត្រូវម្ចាស់ផ្ទះប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ចាប់ខ្លួននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក នៅចំណុចភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវប៉ូលិសឃាត់ខ្លួននេះ ឈ្មោះអឿន ណាន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ចំណែកជនរងគ្រោះឈ្មោះលី គន្ធី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានលំនៅ ភូមិ-ឃុំកើតហេតុខាងលើ។ វត្ថុតាងចាប់យកមានបារីម៉ាក (MEVIUS) ម៉ាយសេវេន៩សុង (បើគិតជាទឹកប្រាក់៤៩៥០០០រៀល) កាបូបស្ពាយ១។
សមត្ថកិច្ចឱ្យដឹងថា កន្លងមកស្ត្រីឈ្មោះអឿន ណាន បានប្រព្រឹត្តអំពើលួចយកបារីរបស់ឈ្មោះលី គន្ធី ជាច្រើនលើកមកហើយ។ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ស្ត្រីឈ្មោះអឿន ណាន បានមកទិញនំនៅផ្ទះរបស់ឈ្មោះលី គន្ធី ហើយបន្លំលួចបារីម៉ាកម៉ាយសេវេនរបស់ស្ត្រីឈ្មោះលី គន្ធី បាន៦សុង យកទៅលក់ឱ្យគេបន្ត។

ចំណែកឈ្មោះលី គន្ធី មានការសង្ស័យ ដោយបាត់បារីម៉ាកម៉ាយសេវេនជាញឹកញាប់ ក៏ឆែកកាមេរ៉ា សុវត្ថិភាពមើលឃើញសកម្មភាពរបស់ឈ្មោះអឿន ណាន លួចយកបារីរបស់ខ្លួនជាច្រើនលើក។
លុះដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក ឈ្មោះលី គន្ធី កំពុងតែលក់ដូរគ្រឿងចាប់ហួយនៅផ្ទះរបស់ខ្លូន ស្រាប់តែស្ត្រីឈ្មោះអឿន ណាន បានជិះម៉ូតូឌុបកូនស្រីមកដល់ផ្ទះឈ្មោះលី គន្ធី ហើយធ្វើជាទិញនំនិងបន្លំលួចយកបារីម៉ាកម៉ាយសេវេនរបស់ឈ្មោះលី គន្ធី ដាក់ក្នុងចង្កេះខោនិងកាបូបស្ពាយបានបារីចំនួន៩សុង ពេលនោះឈ្មោះលី គន្ធី បានចាប់ស្ត្រីឈ្មោះអឿន ណាន ឆែកឃើញបារីរបស់ខ្លួន ទើបរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ និងដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់បញ្ជូនស្ត្រីសង្ស័យ រួមជាមួយនឹងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យសារភាពថា ខ្លួនចូលលួចបារីនៅផ្ទះជនរងគ្រោះបាន៨លើកមកហើយ។
ចំណែកឯជនរងគ្រោះអះអាងថា រយៈពេលតែ៩ថ្ងៃ ឆែកកាមេរ៉ាសុវត្ថិភាពឃើញស្ត្រីសង្ស័យលួចបារីអស់៥៩សុង បើគិតជាទឹកប្រាក់ចំនួនប្រមាណជា៣លានរៀល។ ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕