ភ្នំពេញ ៖ ជនជាតិវៀតណាម២នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនករណីលួចម៉ូតូនិងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត។ ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុងកែងផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ខាងលើ ៖
ទី១-ឈ្មោះជិន ថាន់ទង់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅចល័តក្នុងរាជធានីភ្នំពេញ (គ្មានសារធាតុញៀន),
២-ឈ្មោះចាំង ថាន់ឡេ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅចល័តក្នុងរាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតអាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ស លេខ19TH0852 គ្រាប់០៣គ្រាប់, ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1C-2532។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា នៅមុនឃាត់ខ្លួនពួកគេ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានធ្វើការល្បាតហើយបានប្រទះឃើញពួកគេជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1C-2532 គួរឱ្យសង្ស័យ ក៏ហៅឈប់ត្រួតពិនិត្យ ស្រាប់តែរកឃើញអាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ស លេខ19TH0852 មាន៣គ្រាប់ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូដែលពួកគេជិះនេះគឺបានលួចពីជនរងគ្រោះកាលពីពេលកន្លងមក។

ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕