ខេត្តរតនគិរី ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងមមាញឹកក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកកូនមុំ នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បាននាំកូនស្រីគ្រួសារកម្មករក្រុមហ៊ុនហ័ងអាញ់ មកស្នាក់ការអាវុធហត្ថស្រុកកូនមុំ ដើម្បីរង់ចាំប្រគល់ឱ្យអាណាព្យាបាលយកទៅផ្ទះវិញ។

គួរបញ្ជាក់ថា គ្រួសារខាងលើមានឪពុកឈ្មោះយ៉ាវ យឿង អាយុ៦០ឆ្នាំ ម្តាយឈ្មោះហេង លួន អាយុ៦១ឆ្នាំ និងកូនស្រីឈ្មោះយឿង ស្រីនិត អាយុ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះង៉ែត កម្មករក្រុមហ៊ុនជាមួយគ្នា ពង្រត់ចេញពីផ្ទះតាំងពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។
តាមសម្តីក្មេងស្រីយឿង ស្រីនិត បានរៀបរាប់ប្រាប់ថា គ្រាដែលរូបគេរត់ចេញពីផ្ទះជាមួយឈ្មោះង៉ែត ពួកនាងបានទៅសម្ងំលាក់ខ្លួននៅផ្ទះមិត្តភក្តិមានឈ្មោះឌិប រយៈពេល២ថ្ងៃ ស្ថិតនៅចំណុចភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង។ រហូតដល់ថ្ងៃទី២៥ ពួកគេទាំង២នាក់បានជិះរថយន្តឈ្នួលពីចំណតរថយន្តខេត្តស្ទឹងត្រែង បន្តទៅសម្ងំលាក់ខ្លួននៅខេត្តក្រចេះ (អ៊ុំខាងប្រុស)។

ដោយប្រើប្រាស់វិធានជំនាញមន្ត្រីអាវុធហត្ថ បានឱ្យគ្រួសារខាងប្រុសទាក់ទងជាប្រចាំ ឱ្យពួកគេទាំង២ត្រឡប់មកផ្ទះវិញ ជាមួយការសន្យាផ្សេងៗ។ លុះដល់ថ្ងៃទី២៧ លេចមុខពួកគេមកដល់ចំណុចគល់ស្ពានស្រែពក ជិតដល់ផ្ទះខាងស្រីក្នុងក្រមហ៊ុនហ័ងអាញ់ ប៉ុន្តែបានរយៈពេល២ម៉ោង ក្រោយមកជនសង្ស័យឈ្មោះង៉ែត ហាក់ដឹងខ្លួនខ្លាចកម្លាំងអាវុធហត្ថចាប់ខ្លួនក៏នាំគ្នាជិះម៉ូតូរត់ទៅផ្ទះឈ្មោះឌិប នៅខេត្តស្ទឹងត្រែង វិញ រួចបន្តដំណើរទៅសម្ងំលាក់ខ្លួននៅខេត្តក្រចេះម្តងទៀត។
ប៉ុន្តែដោយសាច់ញាតិខាងប្រុសខ្លាចមានបញ្ហាផ្លូវច្បាប់ និងការប្រើវិធានជំនាញរបស់មន្ត្រីអាវុធហត្ថផងនោះ គឺគ្រួសារសាច់ញាតិជនសង្ស័យលួងលោមឱ្យក្មេងស្រីត្រឡប់មកផ្ទះតែមកម្នាក់ឯង ពោលជនសង្ស័យឈ្មោះង៉ែត មិនមកជាមួយទេ។

បន្ទាប់ពីធ្វើការសាកសួរពីមន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកកូនមុំរួច និងមានការអនុញ្ញាតពីលោកងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តរតនគិរី បានប្រគល់ក្មេងស្រីឈ្មោះយឿង ស្រីនិត ឱ្យអាណាព្យាបាលនាំយកត្រលប់ទៅលំនៅដ្ឋានវិញ។ រីឯខាងជនសង្ស័យឈ្មោះង៉ែត រង់ចាំបទបញ្ជាថ្នាក់លើ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ចាត់ការបន្តទៀត៕