Monday, November 24, 2025
Homeព័ត៌មានជាតិនាងដឹងខ្លួនទាន់ ចាប់ទាញកន្ទុយម៉ូតូ ស្រែកផង យំផង

នាងដឹងខ្លួនទាន់ ចាប់ទាញកន្ទុយម៉ូតូ ស្រែកផង យំផង

ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រម្នាក់ដើរសំដៅធ្វើការ ក៏ជួបនឹងជនសង្ស័យមួយក្រុមចូលមកសួរនាំប្រើល្បិចទម្លាក់យោង រួចល្បូងនាំយកទៅកន្លែងដោះដូរចែកគ្នាដោយប្រមូលយកគ្រឿងអលង្កាពីខ្លួននារីរងគ្រោះអស់បន្សល់ទុកកញ្ចប់ខ្សែកកាឡៃឱ្យនារីរងគ្រោះ រួចនាំគ្នាចាកចេញទៅវិញអស់នៅសល់ជនសង្ស័យម្នាក់ហៀបនឹងចាកចេញ ក៏ត្រូវនារីរងគ្រោះដឹងខ្លួនទាន់ចាប់កន្ទុយម៉ូតូជាប់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋព័ទ្ធចាប់ស្វាគមន៍ម្នាក់១ដៃ១ជើងប៉ោងមុខ មើលលែងចង់ស្គាល់ ទើបប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីទម្លាក់យោងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានស្វាគមន៍ម្នាក់១ដៃ១ជើងប៉ោងមុខ មុននឹងប្រគល់ឱ្យសមត្ថកិច្ច មានឈ្មោះសែម បូរ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរសកម្មក្នុងរបរទម្លាក់យោង មានតួនាទីជាអ្នកឌុបដឹកជញ្ជូនក្នុងសកម្មភាពប្រព្រឹត្តល្មើស ស្នាក់នៅផ្ទះជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ធ្លាប់ជាប់ពន្ធនាគារ២ដងរួចមកហើយ)។ វត្ថុតាងដកហូតបានម៉ូតូស្មាស់១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BO-0222 ជាមធ្យោបាយរបស់ជនសង្ស័យ ។

ចំណែកនារីរងគ្រោះមានឈ្មោះឆាន់ ស្រីនិច អាយុ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានប្តីជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

ចំណែកសម្ភារបាត់បង់ រួមមាន ខ្សែកប្លាទីនទម្ងន់៣ជី តម្លៃ២១៥ដុល្លារ កងដៃមួយឈុត២៥កង តម្លៃ៩៣៥ដុល្លារ ចិញ្ចៀនប្លាទីនតម្លៃ១២០ដុល្លារ សរុប១២៧០ដុល្លារ ដោយទទួលបានមកវិញ កញ្ចប់ខ្សែកកាឡៃ។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ គ្រាដែលហូបបាយរួចនាងក៏បានដើរទៅរោងចក្រវិញ តែមុននឹងចូលធ្វើការនាងបានឆ្លៀតដើរទៅកន្លែងលក់ដង្កៀបកៀបសក់លក់នៅខាងមុខរោងចក្រ គាប់ជួនក៏លេចមុខស្ត្រីជនសង្ស័យម្នាក់ដើរមកសួររឿងមានគេជ្រុះកញ្ចប់មាសនិងលុយ ទើបមានការជជែកគ្នា។

ពេលនោះស្ត្រីសង្ស័យម្នាក់ទៀតមកដល់ប្រាប់ថា កុំមាត់ គេរើសបានទុកចែកគ្នា ហើយល្បួងនាំនាង រួមទាំងជនសង្ស័យមានគ្នា៧នាក់ទៀត ជិះម៉ូតូ៥គ្រឿងម៉ាកស្មាស់របស់ជនសង្ស័យខាងលើ និងម៉ាកសេ១២៥ ឌុបនាងទៅដល់ក្នុងភូមិជង្រុក ហើយចែកទ្រព្យគ្នាដោយដោះយកគ្រឿងអលង្ការរបស់នាងអស់ពីខ្លួន ដោយជនសង្ស័យទុកកញ្ចប់លោហៈពណ៌ក្រហម (ខ្សែកកាឡៃ) ឱ្យមួយខ្សែ។

ហើយជនសង្ស័យ៦នាក់គេចខ្លួនបាត់ នៅសល់ជនសង្ស័យម្នាក់ រៀបនឹងចាកចេញនាងនឹកឃើញក៏ទាញកញ្ចប់មកមើល ដឹងថារបស់កាឡៃក៏ស្ទុះទៅចាប់កន្ទុយម៉ូតូរបស់ជនសង្ស័យជាប់ ស្រែកទ្រហោយំផ្អើលអ្នកភូមិជួយចាប់ និងនាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ រួចប្រគល់ជូនសមត្ថកិច្ចនាំទៅប៉ុស្តិ៍ ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES