ខេត្តព្រះវិហារ ៖ ក្មេងស្រីតូចម្នាក់ទើបនឹងមានអាយុ៩ឆ្នាំសោះ តែបែរជាមានចរិតឆេវឆាវឱ្យតែខឹងឪពុកម្តាយ ចេះតែព្យាយាមសម្លាប់ខ្លួនដោយវិធីផ្សេងៗតែមិនបានសម្រេច ដោយសារឪពុកម្តាយប្រទះឃើញទាន់ពេល លុះចុងក្រោយបន្ទាប់ពីខឹងម្តាយឪពុកតិចតួចក៏ស្រាប់តែដាច់ចិត្តគិតខ្លី ឡើងទៅសម្ងំចងកសម្លាប់ខ្លួននៅក្នុងផ្ទះបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
ក្មេងស្រីគិតខ្លីដែលចងកសម្លាប់ខ្លួនទាំងវ័យក្មេងនេះ មានឈ្មោះឡែន ចាន់ថ្លា អាយុ៩ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានឪពុកឈ្មោះ ឈន ដែន ម្តាយឈ្មោះឡាយ សូនី សព្វថ្ងៃមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមការបំភ្លឺពីឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីម្នាក់នេះ (ក្មេងស្រីរងគ្រោះ) កន្លងមក ហាក់មានចរិតឆេវឆាវខ្លាំងណាស់ឱ្យតែអន់ចិត្តរឿងអ្វី ឬក៏ខឹងនឹងពួកគាត់ជាឪពុកម្តាយតិចតួច តែងតែចង់សម្លាប់ខ្លួនតាមវិធីផ្សេងៗ ប៉ុន្តែមិនបានសម្រេចនោះទេ ព្រោះត្រូវពួកគាត់ប្រទះ ឃើញជួយសង្គ្រោះទាន់ពេលរហូត។

ឪពុកម្តាយក្មេងស្រីរងគ្រោះបន្តថា លុះមកដល់ថ្ងៃកើតហេតុ កូនស្រីរូបនេះបានខឹងនឹងឪពុកម្តាយតិចតួច រួចក៏ឡើងទៅសម្ងំនៅលើផ្ទះបាត់ ចំណែកពួកគាត់មិនបានចាប់អារម្មណ៍នោះទេ លុះដល់ម៉ោងកើតហេតុពួកគេឡើងទៅហៅកូនស្រីឱ្យមកហូបបាយជុំគ្នា ក៏ប្រទះឃើញកូនស្រីចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបធ្វើឱ្យផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។
បន្ទាប់ទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរខេត្តព្រះវិហារ បានបញ្ជាឱ្យកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមសហការជាមួយតំណាងអយ្យការសាលាដំបូងខេត្ត គ្រូពេទ្យ មេភូមិ ចុះធ្វើការត្រួតពិនិត្យសពក្មេងស្រីរងគ្រោះ។

រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះខាងលើពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើកន្សែងពណ៌សពងជីចក់ ពណ៌ក្រហម ចងកជាប់នឹងដែកសម្រាប់ហាលព្យួរហាលសម្លៀកបំពាក់នៅក្នុងផ្ទះបណ្តាលឱ្យដាច់ខ្យល់ស្លាប់។ មូលហេតុដោយសារខឹងនឹងឪពុកម្តាយ។

សាកសពក្មេងស្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕