ខេត្តរតនគិរី ៖ ក្រោយកើតមានករណីប្តីប្រពន្ធវ័យចំណាស់២នាក់ចេញមុខអះអាងថា កូនស្រីរបស់ពួកគាត់ត្រូវបានបុរសម្នាក់ចាប់ពង្រត់បង្ខាំងទុកនៅក្នុងផ្ទះអស់ជាច្រើនថ្ងៃ ដោយគ្មានការជួយអើពើពីអាជ្ញាធរមូលដ្ឋានរួចមកហើយ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ រួចបានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា ករណីនេះមិនមែនជារឿងចាប់បង្ខាំងនោះទេ តែជារឿងស្រលាញ់ពេញចិត្តគ្នា (ត្រូវរ៉ូវ) ហើយឪពុកម្តាយមិនពេញចិត្ត ទើបពង្រត់គ្នាចេញពីផ្ទះ។
យុវតីដែលត្រូវឪពុកម្តាយអះអាងថា ត្រូវគេចាប់ពង្រត់បង្ខាំងទុកក្នុងផ្ទះនោះ មានឈ្មោះ យឿង ស្រីនិត អាយុ១៥ឆ្នាំ មុខរបរកម្មករធ្វើការនៅក្នុងក្រុមហ៊ុន ហ័ងអាញ់ មានទីតាំងនៅ ឃុំស្រែអង្ក្រង ស្រុកកូនមុំ។ ចំណែកខាងប្រុសមានឈ្មោះង៉ែត ជាកម្មករក្រុមហ៊ុនហ័ងអាញ់ ជាមួយគ្នា។

យោងតាមសេចក្តីបំភ្លឺបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា “ស្នងការដ្ឋាននគរបាលខេត្តរតនគិរី សូមធ្វើការបំភ្លឺចំពោះករណីមួយដែលត្រូវបានសារព័ត៌មានចុះផ្សាយកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ថា មានគ្រួសារកម្មករនៅក្រុមហ៊ុន (ហ័ងអាញ់ដូង-ប្រេង) ខេត្តរតនគិរី ត្រូវបានគេចាប់ពង្រាត់កូនស្រីយកទៅឃុំនិងបង្ខាំងទុកនៅក្នុងផ្ទះ នៅជិតកន្លែងដែលគាត់ស្នាក់នៅ។
ក្រោយពីបានទទួលព័ត៌មាននេះ ស្នងការនគរបាលខេត្តបានឱ្យកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងអធិការនគរបាលស្រុកកូនមុំ ចុះធ្វើការស្រាវជ្រាវស្វែងរកអាណាព្យាបាលរបស់ក្មេងស្រីនោះ ដើម្បីសាកសួរបំភ្លឺក្នុងករណីរឿងនេះ។
ជាលទ្ធផល រហូតមកដល់ថ្ងៃទី០៥ ខែមីនា យើងបានរកឃើញអាណាព្យាបាលរបស់ក្មេងស្រី យើងក៏បានធ្វើការសួរបំភ្លឺពីម្តាយទាំងសងខាង និងឈានទៅធ្វើការបំភ្លឺសាក្សីអ្នកជិតខាង ដែលបានដឹងឮក្នុងរឿងនេះបានបញ្ជាក់ថា ក្មេងទាំងពីរនាក់នេះធ្វើការឡូតិ៍ជាមួយគ្នា ហើយត្រូវរ៉ូវគ្នារយៈពេល៤ខែហើយ។
ជាដំបូង យើងអាចវាយតម្លៃបានថារឿងនេះអាចកើតចេញពីការស្រលាញ់គ្នា ហើយឪពុកម្តាយមិនពេញចិត្ត ទើបកើតមានរឿងនេះឡើងដោយពុំមែនជារឿងចាប់បង្ខាំងមនុស្សទេ។ សូមជម្រាបជូនដល់មហាជនជ្រាបថា ចំពោះករណីនេះយើងកំពុងបន្តធ្វើការស្រាវជ្រាវរកក្មេងប្រុសស្រីទាំងពីរ ដើម្បីបង្ហាញពីការពិត បច្ចុប្បន្នក្មេងប្រុសស្រីទាំងពីរបាននាំគ្នាពង្រាត់ចេញទៅក្រៅខេត្តហើយ។ សូមអរគុណ…”។

គួររំលឹកថា តាមសម្តីបុរសចំណាស់ឈ្មោះយ៉ាវ យឿង អាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះហេង លួន អាយុ៦១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនហ័ងអាញ់ ត្រូវជាឪពុកម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ថា កូនស្រីគាត់មានឈ្មោះយឿង ស្រីនិត អាយុ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះង៉ែត ជាកម្មករក្រុមហ៊ុនហ័ងអាញ់ ដែរ បានពង្រត់ទៅឃុំទុកនៅក្នុងផ្ទះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ មានទីតាំងក្បែរកន្លែងស្នាក់នៅគាត់ដែរ។
ប្តីប្រពន្ធវ័យចំណាស់ខាងលើ បានឱ្យដឹងថា តាំងពីកូនស្រីគាត់ត្រូវគេពង្រត់ទៅបាត់នោះ គឺកូនស្រីគាត់ធ្លាប់ទាក់ទងតាមទូរស័ព្ទមកក្រុមគ្រួសារតែម្តងគត់ គឺកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយឱ្យយកខោអាវឱ្យនាង១កំប្លេ។
អាណាព្យាបាលខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា ពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំងមិនដឹងសុខទុក្ខកូនយ៉ាងណានោះទេ រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ព្រោះជនសង្ស័យជាអ្នកញៀនថ្នាំទៀតផង៕