ខេត្តកោះកុង ៖ ទើបនឹងទិញរថយន្តបានប៉ុន្មានថ្ងៃក៏បាត់កូនសោនៅកន្លែងធ្វើការ លុះរំលងបានប៉ុន្មានថ្ងៃក្រោយមកក៏បាត់រថយន្តទៀត ខណៈម្ចាស់កំពុងចូលច្រៀងខារ៉ាអូខេយ៉ាងសប្បាយ តែត្រូវសមត្ថកិច្ចអាវុធហត្ថតាមស្រាវជ្រាវចាប់បាន ទើបដឹងថា អ្នកធ្វើការនៅកន្លែងជាមួយជាអ្នកលួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីកណ្តាលអធ្រាត្រ ថ្ងៃទី០៤ ខែមីនា និងចាប់បាននៅថ្ងៃទី០៥ រំលងត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ។

លោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងថា ក្រោយពីមានការប្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ និងទទួលបានបទបញ្ជាណែនាំពីលោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការអាវុធហត្ថខេត្ត និងលោករស់ សារាំ ព្រះរាជអាជ្ញាខេត្តកងកម្លាំងរបស់លោកបានបើកប្រតិបត្តិការតាមរកឃាត់ខ្លួនជនសង្ស័យតាមរយៈវិទ្យុទាក់ទង និងទូរស័ព្ទគ្រប់ស្នាក់ការតាមបណ្តាក្រុង-ស្រុកភ្លាមៗ។
លោកមេបញ្ជាការរងអាវុធហត្ថខេត្ត ឱ្យដឹងទៀតថា លុះដល់វេលាម៉ោង២យប់ជ្រៅ ថ្ងៃទី០៥ ខែមីនា កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យឈ្មោះឡុង ប៊ែគឹមផួយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្ត្រីជាប់កិច្ចសន្យាបម្រើការងារជាមួយជនរងគ្រោះនៅមន្ទីររៀបចំដែនដីខេត្តកោះកុង រួចបញ្ជូនមកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកោះកុង។

ចំពោះវត្ថុតាងដកហូត រួមមាន រថយន្តម៉ាកតូយ៉ូតាកាមរីបាឡែន ស៊េរីឆ្នាំ២០០៣ ពណ៌ទឹកមាស ពាក់ស្លាកលេខកោះកុង ២A-៥៦៧៧, កូនសោចាក់រថយន្ត, ទូរស័ព្ទដៃម៉ាក Oppp ពណ៌ស្វាយ ១គ្រឿង, ទូរស័ព្ទម៉ាកណូគាចុចពិលពណ៌ខៀវ, ប័ណ្ណសមាជិក ប.ស.ស ១សន្លឹក, សោម៉ូតូ១, ផាវគ្រាប់បែកចំនួន៧គ្រាប់, ផាវកាំជ្រួចចំនួន៦ដើម, កាបូបស្ពាយដាក់អីវ៉ាន់ចំនួន២, ខោអាវនិង កុំព្យូទ័រលេបថប ម៉ាក ASUS ពណ៌ខ្មៅ និងឌុយសាកថ្មទូរស័ព្ទចំនួន១។
តាមចម្លើយសារភាពរបស់ជនសង្ស័យ អះអាងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចរថយន្តនៅហាងខារ៉ាអូខេរិនធីណា ប្រាកដមែន ដោយបម្រុងបើកបរទៅស្រុកកំណើតនៅឯខេត្តតាកែវ។ កូនសោសម្រាប់ចាក់ចូលក្នុងរថយន្ត គឺខ្លួនបានលួចជាង១សប្តាហ៍មកហើយ។

ដោយឡែក លោកឡុន ពិសិដ្ឋ ជនរងគ្រោះជាមន្ត្រីរាជការនៅការិយាល័យវាស់វែងដីជាប្រព័ន្ធនៅមន្ទីរដែនដីខេត្តកោះកុង បានឱ្យដឹងថា រថយន្តរបស់លោកទើបទិញបាន២សប្តាហ៍ ប៉ុណ្ណោះ ពីពលរដ្ឋអ្នកនៅកោះកុងដូចគ្នា។ មួយសប្តាហ៍ក្រោយពីទិញរថយន្តបានហើយ ក៏បាត់សោឡាននៅកន្លែងធ្វើការ ក៏បានសាកសួរមន្ត្រីពាក់ព័ន្ធ ដែលបូករួមទាំងជនសង្ស័យផង។ ប៉ុន្តែគ្មានអ្នកឆ្លើយថា បានដឹងឡើយ។ លុះដល់ថ្ងៃ កើតហេតុ ទើបដឹងច្បាស់ថា ជនសង្ស័យដែលជាមន្ត្រីជាប់កិច្ចសន្យានៅមន្ទីររួមគ្នា ជាអ្នកលួចសោរថយន្ត។

ជនរងគ្រោះបន្ថែមថា គ្រាដែលបាត់រថយន្តនោះ លោកមិនសង្ឃឹមថារកឃើញនោះទេ។ ទោះយ៉ាងណា កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត-ក្រុង-ស្រុកបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាន ដែលលោកសូមថ្លែងអំណគុណដល់សមត្ថកិច្ចផងដែរ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកោះកុង កំពុងប្រគល់រថយន្តជូនជនរងគ្រោះវិញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕