ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់បានអះអាងថា គាត់បានបាត់ប្តីអស់រយៈពេលជាង១ខែមកហើយ បន្ទាប់ពីប្តីធ្វើដំណើរចេញពីផ្ទះ ដោយប្រាប់ប្រពន្ធថាចេញទៅរកស៊ី (នាំម៉ូយទៅមើលដី) រួចក៏បាត់ដំណឹងសូន្យឈឹង សូម្បីតែទូរស័ព្ទក៏ទាក់ទងមិនចូល ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធភ័យព្រួយពីសុវត្ថិភាពប្តីយ៉ាងខ្លាំងអង្គុយឱបកូនទន្ទឹងចាំផ្លូវប្តីត្រឡប់មកវិញ។

ស្ត្រីដែលអះអាងថា ប្តីរបស់ខ្លួនបាត់ដំណឹងជាង១ខែមកហើយនោះ មានឈ្មោះយ៉ក សម្បត្តិ ហៅស្រីខួច រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ចំណែកបុរសជាប្តីដែលបាត់ខ្លួន មានឈ្មោះធី ហួត អាយុ៤០ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងកោះ ឃុំអារញ្ញ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមសម្តីស្ត្រីជាប្រពន្ធរូបនេះ បានរៀបរាប់ប្រាប់ថា គាត់និងប្តីឈ្មោះធី ហួត បានចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង៥ឆ្នាំមកហើយ តែមិនបានចុះអេតាស៊ីវិល (សំបុត្រអាពាហ៍ពិពាហ៍) នោះទេ ហើយក៏មិនបានរៀបការនោះដែរ គ្រាន់តែឪពុកម្តាយទាំងសងខាងបានដឹងឮតែប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះប្តីប្រពន្ធគាត់រួមរស់បង្កើតបានកូនប្រុសម្នាក់សព្វថ្ងៃអាយុ៣ឆ្នាំទៅហើយ។

ស្ត្រីជាប្រពន្ធបន្តថា ប្តីរបស់គាត់បានចេញពីផ្ទះបន្ទាប់ពីថ្ងៃចូលឆ្នាំចិនរួច ពោលគឺក្នុងអំឡុងចុងខែមករា ដោយប្រាប់ថា នាំម៉ូយទៅមើលដី រួចក៏បាត់ដំណឹងសូន្យរហូតមកដល់ពេលនេះតែម្តង។ ពេលចេញពីផ្ទះទៅនោះ ប្តីរបស់គាត់ជិះរថយន្តទំនើប១គ្រឿង ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០១៨ ពណ៌ស មិនចាំស្លាកលេខ។

ក្នុងរយៈពេលចេញទៅ ទូរស័ព្ទមានការទំនាក់ទំនងគ្នាបាន តែចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ទូរស័ព្ទមិនអាចធ្វើការទំនាក់ទំនងគ្នាបាននោះទេ ទោះបីខំព្យាយាមទូរស័ព្ទយ៉ាងណាក៏មិនចូលដែរ។

ស្ត្រីខាងលើបានបញ្ជាក់ថា ពេលនេះគាត់កំពុងព្រួយបារម្ភពីសុវត្ថិភាពប្តីយ៉ាងខ្លាំង មិនដឹងថាប្តីរបស់គាត់ទៅដល់ណា ឬមានបញ្ហាអីកើតឡើងនោះទេ ហេតុនេះគាត់សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ទីកន្លែងនិងប្រជាពលរដ្ឋ បើសិនជាបានឃើញរូបប្តីរបស់គាត់ដូចក្នុងរូបថតនេះ សូមជួយផ្តល់ដំណឹងដល់រូបគាត់ផង តាមរយៈលេខទូរស័ព្ទ ០៧១ ៤៩៤០ ៨៨៨៕