ខេត្តសៀមរាប ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះង្វៀង ធីខា ហៅសុខខា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ត្រី ពាក់ព័ន្ធនឹងករណីអំពើលួច (បន្លំលួចខ្សែកមាស) ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីព្រឹក នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្ត សៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើជាចូលទិញខ្សែកនៅតូបរបស់ជនរងគ្រោះឈ្មោះលីម ហ៊ុយឃី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។

ពេលនោះជនសង្ស័យបានឱ្យជនរងគ្រោះយកខ្សែកមាសប្រភេទច្រវាក់ឆាប ទម្ងន់១តម្លឹង ពីក្នុងទូ ឲ្យមើល ខណៈពេលនោះជនរងគ្រោះមិនចាប់អារម្មណ៍ ជនសង្ស័យក៏ដោះខ្សែករបស់ខ្លួន (ខ្សែ.កក្លែងក្លាយ) ប្រភេទច្រវាក់ឆាបដូចគ្នាឱ្យទៅជនរងគ្រោះ។ រីឯខ្សែ.កពិត ជនសង្ស័យបានយកពាក់នៅនឹងកដោយគ្របអាវជិត។ បន្ទាប់មកជនសង្ស័យនិងជនរងគ្រោះក៏បាននិយាយថ្លៃគ្នា តែមិនត្រូវ ហើយជនសង្ស័យក៏បានគេចខ្លួនចេញទៅ។
លុះពេលជនរងគ្រោះពិនិត្យមើលខ្សែកដែលជនសង្ស័យឱ្យមានលក្ខណៈប្លែកនិងស្រាល ក៏ស្រែកឆោឡោឡើង។ ពេលនោះប្រជាពលរដ្ឋដែលនៅក្បែរបានចាប់ឃាត់ជនសង្ស័យបាន និងរាយការណ៍ជូនសមត្ថកិច្ចចុះទៅនាំខ្លួនជនសង្ស័យយកមកសួរនាំ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេររកឃើញចវត្ថុតាង រួមមាន ៖
ខ្សែកច្រវាក់ឆាបធ្វើអំពីលោហធាតុពណ៌លឿង (មាស) ប្រវែង៧៧ស.ម ទម្ងន់១តម្លឹង (របស់ជនរងគ្រោះ)
ខ្សែកច្រវាក់ឆាបធ្វើអំពីលោហធាតុពណ៌លឿង (កាឡៃ) ០១ខ្សែ ប្រវែង៤៤ស.ម ជារបស់ជនសង្ស័យ។
ខ្សែដៃ ច្រវាក់ឆាបលោហធាតុពណ៌លឿង (កាឡៃ) ប្រវែង១៦.៥ស.ម ជារបស់ជនសង្ស័យ
ក្រវិល១គូ លោហធាតុពណ៌លឿង មានត្បូងពណ៌ស ០២គ្រាប់ ជារបស់ជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបន្លំលួចខ្សែកមាស ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០៕