ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានចុះបង្ក្រាបក្រុមអ្នករាវរកវត្ថុបុរាណតាមប្រាសាទបុរាណខ្មែរ ដោយចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានម្នាក់គឺជាមេប៉ុស្តិ៍នគរបាលតែម្តង។
ប្រតិបត្តិការចាប់ឃាត់ខ្លួនក្រុមចោរលួចវត្ថុបុរាណលក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចប្រាសាទខ្នារ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន រួមមាន ៖
ទី១-ឈ្មោះហេង ប៊ុនសុផុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសូន្យរូបលោហៈ មានលំនៅភូមិតាវៀន ឃុំសាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។
ទី២-ឈ្មោះសៀត សុភក្រ័ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ មានលំនៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ទី៣-ឈ្មោះង៉ៅ តៃ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ មានលំនៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ទី៤-ឈ្មោះព្លាន ព្លឿង ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានលំនៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ទី៥-ឈ្មោះប៊ុន សាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីនគរបាល មានតួនាទីជានាយប៉ុស្តិ៍នគរបាលព្រីងធំ មានលំនៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត រថយន្តម៉ាកកាមរី១គ្រឿង ម៉ាស៊ីនរាវចំនួន២គ្រឿង និងសម្ភារជីកគាស់កាយ មួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេពិតជាប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយបានយកឧបករណ៍មករុករាវរកវត្ថុបុរាណនៅប្រាសាទខ្នារ ពិតប្រាកដមែន។
ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕