Monday, November 24, 2025
Homeព័ត៌មានជាតិមកដល់ហាង ឃើញប្រពន្ធនៅក្បែរប្រុសបរទេស គាត់ឆួលចុងច្រមុះតែម្តង

មកដល់ហាង ឃើញប្រពន្ធនៅក្បែរប្រុសបរទេស គាត់ឆួលចុងច្រមុះតែម្តង

ភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រពន្ធរត់ចោល លុះតាមរកឃើញនាងកំពុងអង្គុយផឹកស៊ីជាមួយនឹងបុរសម្នាក់នៅក្នុងហាងផឹកស៊ីមួយកន្លែង ក៏ស្រាប់តែផ្ទុះភ្លើងប្រចណ្ឌចូលទៅបង្ករឿងអុកឡុកដោយទាញកាំបិតប៉័ងតោកាប់បំផ្លាញខ្ទេចខ្ទី ព្រមទាំងដកកាំភ្លើងភ័យគេឯងរត់បាតជើងសព្រាតទាំងព្រលឹងចុងសក់ ទីបំផុតក៏ត្រូវម្ចាស់ហាងឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅសាកសួរ ទើបដឹងថា កាំភ្លើងជ័រសោះ។

ករណីអំពើហិង្សាខាងលើនេះបានបង្កឱ្យ មានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចហាងផឹកស៊ីមួយកន្លែង យីហោផ្ទះបៃតង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

ជនបង្កហេតុមានឈ្មោះបូរ ចំរើន អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះក្បែរកន្លែងកើតហេតុ តាមផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ មានប្រពន្ធឈ្មោះ ចាន់ តី អាយុ៣២ឆ្នាំ ទើបចូលធ្វើការនៅក្នុងហាងកើតហេតុខាងលើ។

តាមសម្តីស្ត្រីម្នាក់ឈ្មោះវណ្ណៈ ស្រីមុំ អាយុ៣៥ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ជនបង្កហេតុបានផឹកស៊ីនៅមុខផ្ទះរបស់គាត់ដែលស្ថិតនៅរំលង២ផ្ទះ ពីហាងកើតហេតុ ជាមួយមិត្តភក្តិ២ទៅ៣នាក់ទៀត។

លុះក្រោយពេលផឹកស៊ីស្រវឹងដល់ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក៏ស្រាប់តែជនបង្កហេតុបានប្រទះឃើញប្រពន្ធរបស់ខ្លួនដែលរត់ចោលផ្ទះ បានទៅអង្គុយផឹកស៊ី សាសងជាមួយនឹងបុរសម្នាក់ជាជនបរទេស នៅខាងមុខហាងកើតហេតុខាងលើ។

នៅពេលឃើញប្រពន្ធអង្គុយផឹកស៊ីជាមួយជនបរទេសបែបនេះ ទើបធ្វើឱ្យជនបង្កជាប្តីផ្ទុះភ្លើងប្រចណ្ឌក៏បានដើរទៅរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏រាលដល់ម្ចាស់ហាង ដោយចោទម្ចាស់ហាងថា បាននាំប្រពន្ធរបស់ខ្លួនមកទាក់ទងប្រុសថ្មីជាជនជាតិបរទេស (ដឹកញីបន្ស៊ីឈ្មោល)។

បន្ទាប់មក ជនបង្កហេតុផ្ទុះកំហឹងកាន់តែខ្លាំង រហូតដល់បោកកែវចាន និងវាយរបស់របរក្នុងហាងផ្ទះបៃតងនោះ បណ្តាលឱ្យបែកជ្រុះរាយប៉ាយពេញក្នុងហាង ទោះបីជាថៅកែជនជាតិបារាំង ឃាត់ក៏ មិនព្រមស្តាប់ដែរ និងថែមទាំងទាញកាំបិតប៉័ងតោមកវាយបំបែកកញ្ចក់ ធ្វើឱ្យបែកខ្ទេចអស់ទាំងស្រុង ហើយបោកកៅអីនិងស្លាកយីហោ។

មិនតែប៉ុណ្ណោះ ថែមទាំងវាយបំផ្លាញទូទឹកកកបែកអស់២ទៀតផង រួចក៏ចេញទៅវាយកម្ទេចម៉ូតូចំនួន២គ្រឿង ក្នុងនោះ ១គ្រឿងម៉ាក ​Zoomer-x១គ្រឿងទៀត ម៉ាកស្កុបពី ធ្វើឱ្យអ្នកឃើញហេតុការណ៍នាំគ្នាយកដុំថ្ម និងសំបកដបទឹកបរិសុទ្ធគប់ទៅលើជនបង្កហេតុ ស្រាប់តែជនបង្កហេតុរត់ទៅផ្ទះយកកាំភ្លើងមកអាមេ គំរាមធ្វើឱ្យអ្នកឃើញហេតុការណ៍រត់ជាន់ជើងគ្នាទាំងព្រលឹងចុងសក់។

ប្រភពដដែលបន្តថា ប្តីប្រពន្ធនេះយកគ្នា៦ឆ្នាំហើយដោយមិនបានរៀបការ ហើយកន្លងមកអ្នកទាំងពីរខាងលើតែងឈ្លោះប្រកែកគ្នាញឹកញាប់ណាស់ ព្រោះតែភ្លើងប្រចណ្ឌ ហើយថ្មីៗនេះប្តីប្រពន្ធនេះ ទើបនឹងមានទំនាស់ជាមួយគ្នារួច ហើយប្រពន្ធបានរត់ចេញពីផ្ទះមកធ្វើការនៅហាងខាងលើ មិនបានប៉ុន្មានថ្ងៃផង លុះនៅពេលកើតហេតុ បុរសជាប្តីបានឃើញប្រពន្ធអង្គុយផឹកស៊ីជាមួយជនជាតិបារាំង ក៏ចោទថា ម្ចាស់ហាងនាំប្រពន្ធរបស់ខ្លួនដឹកញីបន្ស៊ីឈ្មោលដើម្បីទាក់ទងប្រុសថ្មី ទើបកើតជាអំពើហិង្សាបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនបង្កហេតុខាងលើ នាំយកទៅសាកសួរ និងនាំទៅឆែកឆេររកកាំភ្លើងដែលជនបង្កហេតុ យកមកអាមេគំរាមគេឯងនោះ ទើបដឹងថា ជាកាំភ្លើងជ័រសោះដែលជនបង្កហេតុអះអាងថា ទិញយកមកទុកការពារខ្លួន។

ជុំវិញករណីខាងលើនេះ ម្ចាស់ហាងបានទាមទារសំណងថ្លៃខូចខាតទ្រព្យសម្បត្តិនៅក្នុងហាងពីជនបង្ក ចំនួន៦០០០ដុល្លារ។ ចំណែកជនបង្កហេតុ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការសម្របសម្រួលជាមួយភាគីម្ចាស់ហាង តែក្នុងករណីមិនត្រូវរ៉ូវគ្នានឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES