Monday, November 24, 2025
Homeព័ត៌មានជាតិខុសជំនាញ អ្នករត់កង់៣រត់បាត់ សល់តែអ្នកពឹង ចេញថ្លៃសំណង

ខុសជំនាញ អ្នករត់កង់៣រត់បាត់ សល់តែអ្នកពឹង ចេញថ្លៃសំណង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ២ល្វែងជាប់គ្នា បណ្តាលឱ្យ បាក់ទ្វារអស់ច្រើនផ្ទាំង ផ្អើលទាំងយប់ តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៦ កែងនឹងផ្លូវលេខ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ រថយន្តមួយគ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-3254 បានឈប់នៅមុខហាងបុកល្ហុងមួយកន្លែងនៅក្បែរកន្លែងកើតហេតុ រួចម្ចាស់រថយន្តបានឡើងទៅដេកបាត់។

លុះដល់ម៉ោងកើតហេតុ ក៏បានប្រើបុរសម្នាក់ជាអ្នករត់កង់បី ដោយសួរថា ចេះបើករថយន្តអត់? រួចរូបគាត់ក៏បានឡើងទៅលើយកកូនសោពីម្ចាស់រថយន្តយកមកឱ្យអ្នកបើកម៉ូតូកង់បីបើក ដោយបានប្រាប់ថា ជួយថយរថយន្តចេញបន្តិចដើម្បីឱ្យរូបគាត់ចូលម៉ូតូកង់បី។

ស្រាប់តែបុរសខាងលើបានបើកចេញពីហាងជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋពីរល្វែងជាប់គ្នា បណ្តាលឱ្យបាក់ទ្វារផ្ទះអស់ជាច្រើនផ្ទាំង ហើយអ្នកបើកបង្កបានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងខាងភាគីរថយន្តមកចរចាជាមួយភាគីម្ចាស់ផ្ទះ តែមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាបន្តនៅពេលក្រោយទៀត៕

RELATED ARTICLES