Monday, November 24, 2025
Homeព័ត៌មានជាតិបានចាយត្រឹម៣​មុឺនរៀលប៉ុណ្ណោះ ពេលនេះសមត្ថកិច្ចចាប់ខ្លួនតែម្តង

បានចាយត្រឹម៣​មុឺនរៀលប៉ុណ្ណោះ ពេលនេះសមត្ថកិច្ចចាប់ខ្លួនតែម្តង

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ចាប់ឃាត់ខ្លួនករណីលួចទូរស័ព្ទដៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល នៅចំណុចផ្ទះគ្មានលេខ ផ្លូវស្ពានឈើ (បឹងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះសេង សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន)។

ចំណែកជនរងគ្រោះឈ្មោះ ចិន វៃមីង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះលេខ២៩៦ ផ្លូវម៉ៅសេទុង ក្រុម២៨ ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរអ្នកគ្រប់គ្រងហាងម៉ាស្សាស្ប៉ា ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីព្រឹក ជនរងគ្រោះបានដាក់ទូរស័ព្ទសាកថ្មនៅលើតុម៉ាក iPhone6 ពណ៌ទឹកមាស មិនចាំលេខស៊ីម ក្នុងហាងម៉ាស្សាស្ប៉ា នៅទីតាំងកើតហេតុ។

លុះដល់ម៉ោង៦ល្ងាច ជនរងគ្រោះបានមករកទូរស័ព្ទរបស់ខ្លួនស្រាប់តែមិនឃើញ ក៏បើកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យម្នាក់ដើរចូលទៅលួចទូរស័ព្ទ ជនរងគ្រោះបានផ្ញើរូបភាពជនសង្ស័យទៅឈ្មោះតួ ស៊ីវ៉ាន់ធឿន ដែលជាប្រធានសន្តិសុខឯកជន (មានរិទ្ធ) ក៏ស្គាល់ភិនភាគ និងអាសយដ្ឋានជនសង្ស័យ។

ទើបនៅថ្ងៃទី០២ ខែមីនា វេលាម៉ោង២រសៀល បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនជនសង្ស័យនៅផ្ទះគ្មានលេខ ផ្លូវស្ពានឈើ (បឹងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចក៏នាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ ដើម្បីសាកសួរតែម្តង។

នៅចំពោះមុខសមត្ថក្ចិច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលលួចទូរស័ព្ទក្នុងហាងម៉ាស្សាស្ប៉ាខាងលើប្រាកដមែន ប៉ុន្តែទូរស័ព្ទនោះខ្លួនបានដាក់បញ្ចាំឱ្យឈ្មោះឌឿន ចំនួន៣០០០០រៀល (បីម៉ឺនរៀល)។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES