តារាទាំងចាស់ទាំងក្មេងដែលបានជួបអ្នកនាងយុគ ចិន្តា ពួកគេសុទ្ធតែជំរុញឱ្យពិធីការិនីជើងចាស់រូបនេះ គួរតែដល់ពេលវេលារៀបការ ហើយកុំពន្យារពេលតទៅទៀតអី នាំតែទុកយូរជូរផ្អូមទេ។ មានពេលខ្លះ អ្នកនាងចិន្តា អឹមអៀមនៅពេលដែលត្រូវគេឱ្យយោបល់បែបនេះ ប៉ុន្តែពេលខ្លះអ្នកនាងដើរគេចចេញតែម្តង ព្រោះតែពិបាកផ្តល់ចម្លើយតប។

ទោះជាយ៉ាងណា អ្នកនាងយុគ ចិន្តា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា អ្នកនាងនឹងរៀបការនៅឆ្នាំ២០២២ខាងមុខនេះហើយ ដែលការប្រើពេលដល់ទៅ២ឆ្នាំទៀតនេះ ដោយសារតែរង់ចាំកូនស្រីរបស់នាង កញ្ញាយុគ ដាពេជ្រ ហៅអម គម្រប់អាយុ១៨ឆ្នាំសិន ព្រោះពេលនេះគេទើបមានអាយុ១៦ឆ្នាំ ហើយពេលពេញក្រមុំ អ្នកនាងនឹងឱ្យកូនស្រីធ្វើជាអ្នកកំដរតែម្តង។
ប៉ុន្តែទោះជាពិធីការិនីរូបនេះកំណត់ថា អ្នកនាងត្រូវតែគ្រងឈុតកូនក្រមុំឱ្យខាងតែបាននៅឆ្នាំ២០២២ ខាងមុខនេះក៏ដោយ ប៉ុន្តែនៅពេលដែលត្រូវមិត្តភក្តិជជីកសួរថា ប្រាកដជារៀបការមែនអត់? ពេលខ្លះបែរជាអ្នកនាងថា មិនទាន់ច្បាស់១០០%ទៅវិញ ដោយថាចាំមើលសិន…។

យុគ ចិន្តា ត្រូវបានចាត់ទុកថា ជាតារាដែលជោគជ័យតែការងារសិល្បៈនិងជំនួញប៉ុណ្ណោះ ប៉ុន្តែរឿងស្នេហាវិញសូន្យ គឺដូចគ្នាទៅនឹងអ្នកមេម៉ាយពេជ្រ សោភា ដែរ។
ពិធីការិនីល្បីល្បាញរូបនេះធ្លាប់ប្រេះឆាស្នេហ៍ជាច្រើនលើកច្រើនសាមកហើយ ដូចជា កន្លងមកធ្លាប់លេចឮថា នាងចែកផ្លូវគ្នាជាមួយលោកឧកញ៉ាម្នាក់ , ឌីជេ ឃ្លាំង , អាណិកជនខ្មែរ មកពីអាមេរិក លោកវុទ្ធី បណ្ឌិត ហៅសម័យ ជាដើម។ ប៉ុន្តែ អ្នកនាងចិន្តា ហាក់មិនខ្វល់ពីការប្រេះឆានោះច្រើនឡើយ ព្រោះក្រោយពីផ្តាច់ស្នេហ៍ចាស់ អ្នកនាងក៏មិនទុកបេះដូងឱ្យនៅទំនេរដែរ គឺតែងតែមានបុរសថ្មីសុំចូលខ្លួនមកស្អំរបួសបេះដូងភ្លាមៗតែម្តង។

ជាក់ស្តែង ដូចជាពេលនេះជាដើម អ្នកនាងចិន្តា ថា ត្រូវបានមន្ត្រីធំម្នាក់ ដែលមានឋានៈជាឯកឧត្តម និងជាអ្នកជំនួញធំផង តាមស្នេហាអ្នកនាងចិន្តា យ៉ាងប្រកិតបំផុត រហូតដល់បង្ខំចិត្តឱ្យពិធីការិនីរូបនេះ បង្ហាញមុខរួមគ្នាជាមួយលោកនៅសាធារណៈដូចប្តីប្រពន្ធទៀតផង។
អ្នកសិល្បៈរួមអាជីពបានសរសើរពីអ្នកនាងចិន្តា ថា រកបានសង្សារថ្មីជាបុរសល្អសុភាពរាបសា ហើយជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ទៀតផង។ ប៉ុន្តែអ្នកនាងចិន្តា វិញ បែរជាបង្ហាញភាពសោះកក្រោះជាមួយគូស្នេហ៍ថ្មី ដោយបាត់បង់ស្ទើរតែទាំងស្រុងនូវភាពផ្អែមល្ហែមស្នេហ៍ដែលពីមុនធ្លាប់មាន។

ជាមួយគ្នានេះដែរ ក៏មានមាត់ចាបមាត់ព្រាបបានខ្សឹបដាក់ត្រចៀកអ្នកនាងចិន្តា ថា សង្សារថ្មីនាងមិនសូវសមគ្នា ឬគួរតែរកសង្សារឱ្យបានស្អាតនិងក្មេងជាងនេះ ទើបសមគ្នា ជាដើម ដែលការឱ្យ យោបល់នេះធ្វើឱ្យចំណងស្នេហារបស់ពិធីការិនីជើងចាស់រូបនេះ អាចប្រឈមការប្រេះឆាគ្រប់ពេលវេលាទាំងអស់។

ប៉ុន្តែទោះជាអ្នកនៅជុំវិញខ្លួនឱ្យយោបល់ផ្ទុយគ្នាខ្លះមែន ប៉ុន្តែអ្នកនាងចិន្តា ហាក់មិនផ្លាស់ប្តូរចិត្តនោះទេ គឺនៅតែបង្ហាញភក្តីស្នេហ៍ចំពោះបុរសថ្មី ហើយប្រសិនបើនាងព្រមក្រាបផ្ទឹមតាមការសន្យានៅ២ឆ្នាំខាងមុខនេះទៀតមែននោះ អ្នកនាងចិន្តា នឹងក្លាយជាជំទាវជាមិនខាន។

គួរបញ្ជាក់ថា ទោះជាអ្នកនាងយុគ ចិន្តា មិនដែលរៀបការម្តងណាក៏ដោយ ប៉ុន្តែបែរជាមានកូន១ ពេញក្រមុំទៅហើយ ដែលរឿងនេះជាសំណួររបស់មហាជនថា តើកូននោះឪពុករបស់គេជាអ្នកណាទៅ? អ្នកនាងចិន្តា មិនដែលហ៊ានលាតត្រដាងរឿងស្នេហានេះទេ ហើយជាទូទៅ នាងផ្តោតលើការពង្រឹងមុខជំនួញសំខាន់ជាងរឿងស្នេហា។
ពិធីការិនីជើងចាស់រូបនេះ ត្រូវបានគេចាត់ទុកថា នាងមានទ្រព្យស្តុកស្តម្ភនិងមានអាជីវកម្មជាច្រើន ក្រៅពីអាជីពសិល្បៈ ដូចជា ហាងកាត់ដេរ , ភោជនីយដ្ឋាន , ផ្ទះជួល និងដីធ្លីជាច្រើនទៀត។

តារាវ័យ៤០ប្លាយរូបនេះ កំពុងរស់នៅផ្ទះវីឡាស្កឹមស្កៃនៅទួលគោក ហើយមានទ្រព្យលានដុល្លារ ហេតុនេះហើយទោះជាបានតំណែងជំទាវ ក៏មិនធ្វើឱ្យអ្នកនាងចិន្តា រំភើបរហូតដេកមិនលក់ដែរ៕