Monday, November 24, 2025
Homeព័ត៌មានជាតិបាត់តែ១ថ្ងៃមិនឃើញបិណ្ឌបាត្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រឿងឆបោក

បាត់តែ១ថ្ងៃមិនឃើញបិណ្ឌបាត្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រឿងឆបោក

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់គ្មានការងារធ្វើក៏បែកគំនិតកោសក់ស្លៀកស្បង់បន្លំខ្លួនធ្វើជាព្រះសង្ឃដើរបិណ្ឌបាតតាមទីប្រជុំជន ដើម្បីរកលុយមកទុកចាយវាយបំពេញតម្រូវការផ្ទាល់ខ្លួន ទីបំផុត រឿងរ៉ាវបែកធ្លាយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីឃាត់ខ្លួនសង្ឃក្លែងក្លាយខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃ្ចាត់ខ្លួន មានឈ្មោះអឿ អួន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក និងផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុង និងមានការឯកភាពពីលោកភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រចឃាត់ខ្លួនជនសង្ស័យឈ្មោះអឿ អួន សង្ស័យពីបទឆបោក និងគ្របដណ្តប់បែបពុទ្ធសាសនាដោយគ្មានសិទ្ធិ និងប្រើប្រាស់ត្រាក្លែងក្លាយ។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីព្រះសង្ឃនៅវត្តថ្មី (វត្តក្បាលខ្មោច) ថាមានព្រះសង្ឃក្លែងក្លាយបានដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បន្ទាប់មកត្រូវបានមន្ត្រីធម្មការ សម្រេចចាប់ផ្សឹករួចហើយ។ ភ្លាមនោះ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគ្រងដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ និងបានដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋប្រាកដមែន ពេលបានប្រាក់ហើយជនសង្ស័យបានយកចាយវាយផ្ទាល់ខ្លួន។

បន្ទាប់ពីធ្វើការឆែកឆេរ សមត្ថកិច្ចបានរកឃើញនិងដកហូតវត្ថុតាងល្មើស មានត្រាក្លែងក្លាយចំនួន៥ ឆាយាលក្ខណ៍គណៈមហានិកាយចំនួន៤ថែមទៀត ដែលជនសង្ស័យបានសារភាពថា ទុកសម្រាប់ប្រើប្រាស់ពេលរៃអង្គាសលុយពីពុទ្ធបរិសទ័។

ករណីនេះ ត្រូវបានលោកអធិការនគរបាលក្រុងសៀមរាប បានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌក្រុង និងប៉ុស្តិ៍សហការគ្នាកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES