ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានចេញទៅធ្វើការឆ្ងាយផ្ទះដោយទុកឱ្យកូនស្រីនៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែអកុសលកើតមានករណីទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិតាប៉ាង៣ ឃុំតាប្រុក ស្រុកចម្ការលើ។

ផ្ទះដែលទទួលរងការឆាបឆេះមានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ សង់ពីឈើ ផ្ទះសង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីរនាបឈើ មានម្ចាស់កម្មសិទ្ធិឈ្មោះង៉េន ស្រី ភេទស្រី អាយុ៥១ឆ្នាំ មានលំនៅភូមិតាប៉ាង៣ ឃុំតាប្រុក ស្រុកចម្ការលើ (ម្ចាស់មិននៅផ្ទះទៅធ្វើការនៅខេត្តព្រះស៊ីហនុ) នៅតែកូនឈ្មោះឈឿន ធា ភេទស្រី អាយុ២៥ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើងនៅចំណុចភូមិឃុំកើតហេតុខាងលើ ភ្លាមនោះសមត្ថកិច្ច បានបញ្ជូនកម្លាំងជំនាញអធិការដ្ឋាន និងចេញរថយន្តពន្លត់អគ្គីភ័យ១គ្រឿងទៅដល់ទីតាំងកើតហេតុ ដើម្បីបាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន១ឡាន ទើបអាចពន្លត់ភ្លើងបានជាស្ថាពរ នោវេលាម៉ោង១១ព្រឹក ថ្ងៃដដែល។

តាមការបញ្ជាក់ឱ្យដឹងពីកូនស្រីរបស់ម្ចាស់ផ្ទះ បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះឡើង គឺដោយសារទុស្សេខ្សែភ្លើង។
ជុំវិញករណីអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាតផ្ទះ១ខ្នងទាំងស្រុង តែមិនបង្កឱ្យមានការឆេះរាលដាលដល់លំនៅដ្ឋាន ប្រជាពលរដ្ឋក្បែរខាងនោះឡើយ ហើយក៏មិនមានអ្នកណាម្នាក់រងរបួសផងដែរ៕