ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានអុជធូបនៅក្នុងផ្ទះរួច ក៏ចាក់សោផ្ទះចោលចេញទៅប្រកបរបរលក់ដូរអស់ពីផ្ទះ ស្រាប់តែបន្តិចក្រោយមកក៏មានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ សង់ពីឈើប្រក់ដំបូលស័ង្កសីជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្តារ មានម្ចាស់ឈ្មោះទុយ សន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធនិងកូនប្រុសស្រីចំនួន៥នាក់ក្នុងបន្ទុក និងមានលំនៅភូមិឃុំកើតហេតុ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ផ្ទះបានអុជធូបនៅក្នុងផ្ទះ បន់ស្រន់សុំក្តីសុខ និងប្រកបរបរលក់ដូរមានម៉ូយចូលច្រើនដូចសព្វដង លុះអុជធូបរួចក៏បានចាក់សោផ្ទះ រួចចាកចេញទៅប្រកបររបររកស៊ីអស់ទៅ ស្រាប់តែមិនបានប៉ុន្មានក៏មានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងបែបនេះតែម្តង។

តាមប្រភពពីអាជ្ញាធរបានបញ្ជាក់ថា ករណីនេះ ផ្តើមចេញពីភ្លើងរាលឆេះចេញពីកំប៉ុងជើងធូបលើហឹង ខណៈគ្មានសមាជិកគ្រួសារនៅផ្ទះ ព្រោះមុននឹងក្រុមគ្រួសាររបស់ពួកគាត់ចេញទៅរកស៊ីទទួលទាន (លក់ដូរ) បានអុជធូប។
តាមការអះអាងពីជនរងគ្រោះជាម្ចាស់ផ្ទះ បានឱ្យដឹងថា អគ្គិភ័យខាងលើបានឆេះបំផ្លាញទ្រព្យសម្បត្តិរបស់គាត់រួមមាន ផ្ទះ១ខ្នងទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់មួយចំនួនទៀត៕