ភ្នំពេញ ៖ បុរសជាអ្នកលក់ផលិតផលផ្តាច់បារីតាមអនឡាញម្នាក់ ជិះម៉ូតូប្រញាប់ទៅចូលរួមមង្គលការមិត្តភក្តិ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូដឹកដែក១គ្រឿងដែលកំពុងបើកឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យបោកផ្ទប់នឹងកន្ទុយរ៉ឺម៉កបាក់កស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រលប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខឃ្លាំងប្រេងរថយន្តព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះឆាយ បូរ៉ា អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន និងជាអ្នកលក់ផលិតផលផ្តាច់បារី (Vape) តាមអនឡាញ មានលំនៅក្បែរវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ចំណែកបុរសជាអ្នកបើករ៉ឺម៉កម៉ូតូ មានឈ្មោះជូ សុផល អាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FK-4116 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងគោលបំណងទៅការមិត្តភក្តិ។

ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូសណ្តោងរ៉ឺម៉កដឹកសម្ភារដែកឆ្លងបញ្ច្រាស ខ្វះការប្រុងប្រយ័ត្នមិនទាន់ផុតរបាំងថ្មពុះចែកទ្រូងផ្លូវផង ស្របគ្នាមានរថយន្តមួយគ្រឿងទៀតនៅបាំងម៉ូតូរ៉ឺម៉ក ជាហេតុធ្វើឱ្យជនរងគ្រោះ វ៉ាក់អឺ មិនដឹងគេចទៅចន្លោះណាក៏ជ្រុលទៅបុកជាមួយនឹងតួរ៉ឺម៉កពេញទំហឹង បណ្តាលឱ្យបោកផ្ទប់និងតួរ៉ឺម៉កចំក្បាលបាក់កស្លាប់មួយរំពេចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕