ភ្នំពេញ ៖ ករណីបុរសជាមន្ត្រីយោធាម្នាក់អះអាងថា ត្រូវចោរភ្ជង់ប្លន់ម៉ូតូ១គ្រឿង កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ជិតបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ខណៈដែលខ្លួនទើបនឹងចេញមកពីផឹកស៊ីជុំមិត្តភក្តិវិញនោះ បន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវល្អិតល្អន់ ទើបដឹងថា តាមពិតគឺជារឿងប្រឌិតដោយបុរសជាយោធាខាងលើ បានឱ្យម៉ូតូមិត្តភក្តិខ្ចីជិះមិនឃើញយកមកសងវិញ ខ្លាចគ្រួសារបន្ទោសអត់ឱ្យចូលផ្ទះ ទើបប្រឌិតរឿងថាត្រូវចោរភ្ជង់ប្លន់តែម្តង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុងចំពោះករណីដកកាំភ្លើងវាយប្លន់យកម៉ូតូ១គ្រឿង នៅជិតបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីនេះគឺជាការប្រឌិតឡើងរបស់យុវជនជាម្ចាស់ម៉ូតូប៉ុណ្ណោះ ហើយនៅថ្ងៃនេះសាមីខ្លួនបានចូលមកសារភាពនិងសុំទោសសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ នូវអ្វីដែលខ្លួនបានកុហកសមត្ថកិច្ច។
ក្រោយពីធ្វើការស្រាវជ្រាវរបស់សមត្ថកិច្ច និងតាមការបកស្រាយបំភ្លឺ និងសារភាពរបស់ជនរងគ្រោះបានឱ្យដឹងថា មិនមែនជាករណីប្លន់នោះទេ គឺជាករណីចាញ់បោកមិត្តភក្តិដែលបានខ្ចីម៉ូតូរបស់ខ្លួនយកទៅបាត់មិនឃើញយកត្រឡប់មកវិញ។ ដោយខ្លាចក្រុមគ្រួសារស្តីបន្ទោស ពេលត្រឡប់ទៅផ្ទះវិញ ក៏ប្រឌិតរឿងប្រាប់គ្រួសារថា ខ្លួនត្រូវបានគេប្លន់យកម៉ូតូនៅម្តុំបុរីអង្គរភ្នំពេញ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកសារព័ត៌មានមួយចំនួន ក៏ដូចជាបណ្តាសង្គមហ្វេសប៊ុក សូមចូលរួមសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀសវាងក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឱ្យមានការយល់ច្រឡំ ក៏ដូចជាបង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ។

គួររំលឹកថា កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ មានបុរសជាមន្ត្រីយោធាម្នាក់បានអះអាងថាខ្លួនត្រូវបានចោរភ្ជង់ប្លន់ម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខខេមរភូមិន្ទ ០១-១-១៧០៦ នៅត្រង់ចំណុចផ្លូវ១៨០០កែងនឹងផ្លូវ៥៩៨ ខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
បុរសដែលអះអាងថាត្រូវចោរភ្ជង់ប្លន់រូបនោះ មានឈ្មោះរាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីយោធា បម្រើការនៅបន្ទាយ៩៩ ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ចេញពីជួបជុំមិត្តភក្តិនៅម្តុំវត្តសំរោងអណ្តែត គោលបំណងជិះទៅផ្ទះនៅបុរីវិមានភ្នំពេញ ដោយធ្វើដំណើរទិសដៅពីលិចទៅកើត។
លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកពីក្រោយ រួចបក្ខពួកដែលអង្គុយនៅខាងក្រោយ បានដកកាំភ្លើងភ្ជង់ខ្នងគាត់ជាប់ រួចកៀរអែបចិញ្ចើមផ្លូវឱ្យឈប់ ហើយបានដកកាំភ្លើងវាយទៅលើរូបគាត់ បណ្តាលឱ្យត្រូវចំមួកសុវត្ថិភាពបែកកញ្ចក់ខាងមុខផងដែរ។ បន្ទាប់មកប្លន់យកម៉ូតូគាត់ជិះគេចខ្លួនដោយសុវត្ថិភាព។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវដល់ទីតាំងកើតហេតុ និងបានកោះហៅបុរសខាងលើ មកធ្វើការសាកសួរយ៉ាងលម្អិត ទើបបុរសរូបនោះ បានឆ្លើយសារភាពថា តាមពិតគ្មានករណីប្លន់នោះទេ តែខ្លួនបានចាញ់បោកមិត្តភក្តិ ដែលបានខ្ចីម៉ូតូយកទៅបាត់មិនឃើញយកត្រឡប់មកវិញ ធ្វើឱ្យខ្លួនខ្លាចក្រុមគ្រួសារស្តីបន្ទោសក៏ប្រឌិតរឿងថាចោរប្លន់ម៉ូតូតែម្តង៕