ខេត្តកំពង់ចាម ៖ យុវតីរូបស្រស់ម្នាក់នៅសុខៗក៏បាត់ចេញពីផ្ទះអស់រយៈពេល៣ថ្ងៃ ធ្វើឱ្យក្រុមគ្រួសារវីវក់ដើរតាមរកគ្រប់សព្វកន្លែង ប៉ុន្តែមិនមានដំណឹងអ្វីសោះ និងត្រូវបានក្រុមគ្រួសារដាក់ការសង្ស័យខ្លាចកូនស្រីត្រូវប្រុសលួងលោមអន្ទងនាំចេញពីផ្ទះនាំទៅធ្វើបាប ដោយប្រការណាមួយ ហេតុនេះក៏បានប្រកាសតាមរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ចេញពីផ្ទះរូបនេះ មានឈ្មោះរ៉េត កញ្ញា អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា មានលំនៅក្នុងភូមិសំរោង ឃុំតុងរ៉ុង ស្រុកព្រៃឈរ។ យុវតីរូបនេះបានបាត់ចេញពីផ្ទះតាំងពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៨ កុម្ភៈ នេះ នៅមិនទាន់មានដំណឹងអ្វីបន្តិចសោះឡើយ។
តាមសម្តីនារីឈ្មោះស្រេង គីមហៃ ត្រូវជាម្តាយមីងបង្កើតរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា ក្មួយស្រីរបស់គាត់មានឪពុកជាអ្នកលក់នំប៉័ងនិងខ្ចៅតាមខេត្តឆ្ងាយ។ ចំណែកម្តាយនាងគឺជាកម្មការិនីរោងចក្រ មិនសូវមានពេលវេលាមើលថែកូនស្រីឱ្យបានដិតដល់នោះទេ ប៉ុន្តែពួកគាត់ទាំង២នាក់ប្រឹងធ្វើការរកលុយក៏ដើម្បីតែបំពេញជីវភាពគ្រួសារ និងដើម្បីផ្គត់ផ្គង់កូនៗដែរ។

កន្លងមកក្មួយស្រីម្នាក់នេះត្រូវឪពុកម្តាយស្រលាញ់ថ្នាក់ថ្នមខ្លាំងណាស់ មិនដែលជេរស្តី សម្តីធ្ងន់អ្វីដាក់នោះឡើយ និងថែមទាំងប្រឹងរកលុយទិញទូរស័ព្ទទំនើបឱ្យកូនស្រីប្រើ ខណៈដែលឪពុកម្តាយ ប្រើទូរស័ព្ទស-ខ្មៅកញ្ចាស់ប៉ុណ្ណោះ។
ម្តាយមីងរបស់យុវតីដែលបាត់ខ្លួនខាងលើ បានបន្តថា តាំងពីមានទូរស័ព្ទទំនើបប្រើមកក្រុមគ្រួសារ មិនបានដឹងថា នាងលេងហ្វេសប៊ុកលេងឆាតទាក់ទងជាមួយអ្នកណាខ្លះទេ ប៉ុន្តែធ្លាប់មានប្អូនប្រុសនាងបានលួចប្រាប់ថា ឃើញបងស្រីទាក់ទងជាមួយយុវជនម្នាក់រស់នៅភូមិក្បែរគ្នា ប៉ុន្តែក្រុមគ្រួសារក៏មិនបានហាមឃាត់អ្វីដែរ គ្រាន់តែនិយាយអប់រំណែនាំថា កុំលេងទូរស័ព្ទច្រើនពេកហើយចង់រាប់អានមនុស្សត្រូវមើលឱ្យបានច្បាស់ ព្រោះមនុស្សប្រុសសព្វថ្ងៃមួយចំនួនគឺចូលចិត្តលួងលោម បោកប្រាស់ខ្លាំងណាស់។
ស្រាប់តែមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារតែស្ត្រីជាម្តាយមិនស្រួលខ្លួន ទើបប្រើកូនស្រីឱ្យចេញទៅរកទិញថ្នាំឱ្យនៅឱសថស្ថានក្នុងភូមិ។ បន្ទាប់មកកូនស្រីក៏ទាញម៉ូតូ១គ្រឿងម៉ាកវ៉េវ (អត់មានពន្ធ) ជិះចេញពីផ្ទះបាត់ទៅ រួចហើយមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារនឹកឆ្ងល់តាមទៅរកសួរនាំដល់ឱសថស្ថាន តែត្រូវម្ចាស់ឱសថស្ថានដែលសុទ្ធសឹងជាមនុស្សរាប់អានគ្នា បានប្រាប់ថា អត់ឃើញនាង (រ៉េត កញ្ញា) ទៅទិញថ្នាំអ្វីនោះទេ ទើបធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោថា បាត់កូនស្រីនិងប្រឹងតាមស្វែងរកសព្វកន្លែងដែរ តែមិនមានដំណឹងអ្វីសូម្បីបន្តិច។
ភ្លាមៗនោះ ក្រុមគ្រួសារបានព្យាយាមចុចទូរស័ព្ទទៅកូនស្រីដែរ តែខលចូលអត់មានអ្នកលើក លុះខលរហូតដល់ព្រឹកថ្ងៃបន្ទាប់ ទូរស័ព្ទក៏លែងទទួលការហៅចូលបាន តែម្តង។
ស្ត្រីជាម្តាយមីងយុវតីដែលបាត់ខ្លួន បានឱ្យដឹងទៀតថា នៅពេលដែលក្មួយស្រីម្នាក់នេះចេញពីផ្ទះនោះ គឺនាងមិនបានប្រមូលយកខោអាវនិងទ្រព្យសម្បត្តិអ្វីទៅជាមួយនោះទេ ដោយមានតែខោអាវមួយចង្កេះជាប់ខ្លួនប៉ុណ្ណោះ គឺនាងបានស្លៀកតែខោខូវប៊យពណ៌ខ្មៅ មានឆ្នូត និងពាក់អាវបើកកពណ៌ខ្មៅ។ ប៉ុន្តែនៅលើខ្លួនក្មួយស្រីនេះក៏មានគ្រឿងអលង្ការ បូករួមគិតជាទឹកប្រាក់ប្រមាណ៦០០ដុល្លារផងដែរ។
តាមអ្វីដែលក្រុមគ្រួសារសង្ស័យ គឺខ្លាចកូនស្រីរូបនេះលង់ជឿសម្តីយុវជនណាម្នាក់ រួចចេញពីផ្ទះតាមការលួងលោមរបស់គេ ហើយបន្ទាប់ពីបាត់កូនស្រីចេញពីផ្ទះ ក្រុមគ្រួសារក៏បានតាមដានយុវជនម្នាក់រស់នៅភូមិក្បែរគ្នាដែលធ្លាប់មានទំនាក់ទំនងជាមួយកូនស្រីតាមទូរស័ព្ទដែរ តែហាក់គ្មានតម្រុយអ្វីសោះ ព្រោះយុវជនរូបនោះមិនបានបាត់ចេញពីផ្ទះនោះទេ ហើយចេញទៅធ្វើការធម្មតា មិនមានអ្វីគួរឱ្យចាប់ថ្នាក់សោះ។

បន្ទាប់ពីព្យាយាមតាមរកកូនស្រីអស់រយៈពេល៣ថ្ងៃទៅហើយ នៅតែមិនទទួលបានលទ្ធផលបន្តិចណាសោះ ទើបធ្វើឱ្យស្ត្រីជាម្តាយបានធ្លាក់ខ្លួនឈឺ ព្រោះតែនឹកបារម្ភពីកូនស្រីខ្លាំងពេករហូតដល់បាយមិននឹកទឹកមិនស្រេក ដេកយំទន្ទឹងចាំតែផ្លូវកូនស្រីត្រឡប់មកវិញ។
ជាមួយនេះ ស្ត្រីជាម្តាយបានប្រកាសផ្តល់ដំណឹងដល់កូនស្រី បើកូនបានឮហើយ ក្នុងករណីបើកូនស្រីមានទំនាក់ទំនងស្នេហាចេញទៅជាមួយអ្នកណាម្នាក់អាចប្រាប់ឪពុកម្តាយឱ្យបានដឹង និងត្រឡប់មកផ្ទះ ឪពុកម្តាយមិនប្រកាន់ខឹងនោះទេ ហើយនឹងរៀបចំផ្សំផ្គុំឱ្យកូនទៀតផង។
ប៉ុន្តែបើក្នុងករណីកូនស្រីត្រូវថ្នាំ ឬចាញ់បោកជឿតាមការលួងលោមរបស់អ្នកណាម្នាក់ អស់របស់ទ្រព្យពីខ្លួនអត់ហ៊ានចូលផ្ទះ ក៏ឪពុកម្តាយមិនប្រកាន់ខឹងដែរ សំខាន់ឱ្យតែកូនស្រីត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព គឺឪពុកម្តាយសប្បាយចិត្តណាស់ទៅហើយ៕