ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចជិតរង្វង់មូលមច្ឆា ក្នុងបុរីគុជអាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ។

បុរសរងគ្រោះដែលដេកស្លាប់ដោយមិនដឹងមូលហេតុ មានឈ្មោះ Niu Shuangsuo អាយុ៥១ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មានពីសន្តិសុខដែលយាមប្រចាំការនៅក្នុងបុរីគុជអាស៊ី បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញទៅទិញម្ហូប ក៏ស្រាប់តែភ្លាមនោះក៏មានក្មេងៗមួយក្រុម បានរត់មកប្រាប់គាត់ថា ឃើញបុរសជនជាតិចិនម្នាក់ដេកនៅជិតរង្វង់មូលមច្ឆា។

ឮបែបនេះ គាត់ជាសន្តិសុខក៏ប្រញាប់ទៅពិនិត្យមើល តែអកុសលពេលទៅដល់ពិនិត្យឃើញថា ជនជាតិចិនរូបនោះបានដេកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ជុំវិញការស្លាប់របស់បុរសជនជាតិចិនរូបនេះ គឺមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ខណៈដែលសមត្ថកិច្ចកំពុងចុះពិនិត្យនិងធ្វើកោសល្យវិច័យសព៕
