Monday, November 24, 2025
Homeព័ត៌មានជាតិគ្មានអ្នកណាឃើញ... ម្តាយតាមរកកូនបានឃើញ បានត្រឹមទឹកភ្នែកប៉ុណ្ណោះ

គ្មានអ្នកណាឃើញ… ម្តាយតាមរកកូនបានឃើញ បានត្រឹមទឹកភ្នែកប៉ុណ្ណោះ

ខេត្តកំពង់ធំ ៖ ក្មេងប្រុសសតិមិនប្រក្រតីម្នាក់ឆ្លៀតពេលម្តាយរវល់ចេញទៅទិញម្ហូបនៅឯផ្សារ ក៏បានដើរលេងតែម្នាក់ឯង រួចក៏ចុះទៅងូតទឹករណ្តៅដីមួយកន្លែង បណ្តាលឱ្យលង់ទឹកបណ្តាលឱ្យស្លាប់យ៉ាងអាណាចអាធ័ម ខណៈដែលគ្មានអ្នកណាម្នាក់បានដឹងនិងប្រទះឃើញសោះ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចរណ្តៅដីមួយកន្លែង នៅតំបន់ត្រពាំងអណ្តូងខាងត្បូង ស្ថិតក្នុងភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ។

សាកសពក្មេងប្រុសរងគ្រោះមានឈ្មោះអន សុគង់ អាយុ១១ឆ្នាំ មានលំនៅក្នុងភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ។

តាមសម្តីស្ត្រីឈ្មោះស៊ាន ណាវី អាយុ៤៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ក្មេងប្រុសរងគ្រោះបានរៀបរាប់ប្រាប់ថា គាត់មានកូនប្រុស២នាក់ ដោយឡែកកូនប្រុសម្នាក់នេះ (ក្មេងប្រុសរងគ្រោះ) មានសតិមិនគ្រប់នោះទេ រាល់ថ្ងៃពេលព្រឹកពេលគាត់ជាម្តាយងូតទឹកស្លៀកពាក់ឱ្យគេរួច ហើយគេតែងជិះកង់ដើរលេងដល់ម៉ោងបាយទើបមកហូបបាយវិញ។

ស្ត្រីជាម្តាយរូបនេះបន្តថា លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ គាត់ងូតទឹកឱ្យកូនរួចដូចសព្វដង ហើយក៏ចេញទៅរកទិញម្ហូបនៅផ្សារសានគរ ស្រាប់តែពេលត្រឡប់មកវិញម៉ោងប្រហែល១០ព្រឹកថ្ងៃដដែលមិនឃើញកូនមកហូបបាយក៏តាមរកកូន តែមិនឃើញ ឃើញតែកង់នៅមុខផ្ទះ។

ក្រោយមកពេលគាត់ដើររកបន្តទៀត ក៏មានគេប្រាប់ថា បានឃើញកូនគាត់ដើរលេងវាលស្រែឯខាងត្បូងភូមិ ទើបគាត់ប្រញាប់ទៅតាមរករហូតដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញកូនស្លាប់អណ្តែតក្នុងទឹកស្រះបាត់ទៅហើយ ទើបធ្វើឱ្យផ្អើលឆោឡោឡើងនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យសព ពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។

តាមការសន្និដ្ឋាន ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES