ខេត្តសៀមរាប ៖ បុរសម្នាក់បានអុជធូបនៅក្នុងផ្ទះរួចក៏ដើរចេញទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង ស្រាប់តែបន្តិចក្រោយមកក៏មានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិរំដេង ឃុំត្រាំសសរ ស្រុកស្រីស្នំ។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៧ម៉ែត្រគុណនឹង៩ម៉ែត្រ សង់ពីថ្មក្រោមឈើលើ ប្រក់ក្បឿង មានម្ចាស់ផ្ទះឈ្មោះ អឿ ឡោះ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឃុំកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ផ្ទះបានអុជធូបនៅក្នុងផ្ទះបន់ស្រន់សុំក្តីសុខដូចសព្វដង លុះអុជធូបរួចក៏ដើរចេញពីផ្ទះទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង។ លុះកំពុងជជែកគ្នាលេងបានមួយសន្ទុះ ក៏ស្រាប់តែឮសូរសំឡេងឆោឡោថាភ្លើងឆេះផ្ទះៗ លុះចេញទៅមើល ទើបដឹងថា ផ្ទះរបស់ខ្លួនកំពុងត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅទៅហើយ។

តាមការអះអាងពីជនរងគ្រោះជាម្ចាស់ផ្ទះ បានឱ្យដឹងថា អគ្គិភ័យខាងលើបានឆេះបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ រួមមាន ផ្ទះ១ខ្នងទាំងស្រុង ប្រាក់បាតចំនួន២៥ម៉ឺនបាត មាស៥តម្លឹង គោយន្ត១គ្រឿង ស្រូវ២០ការុង រួមនឹងសម្ភារប្រើប្រាស់មួយចំនួនទៀត៕