Monday, November 24, 2025
Homeព័ត៌មានជាតិពាក់កាសស្តាប់ចម្រៀង អស់ឮស៊ីផ្លេ ផ្អើលដល់គេឯង

ពាក់កាសស្តាប់ចម្រៀង អស់ឮស៊ីផ្លេ ផ្អើលដល់គេឯង

ខេត្តតាកែវ ៖ បុរសជាអ្នកបើកបររថយន្តធុនធំដឹកដីម្នាក់បើកបររថយន្តបណ្តើរ ពាក់កាសត្រចៀកស្តាប់ចម្រៀងបណ្តើរ ឆ្លងកាត់ផ្លូវរថភ្លើង អត់ឮសំឡេងស៊ីផ្លេក៏ត្រូវរថភ្លើងបើកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់បះជើងធ្វើឱ្យអ្នកបើកបររថយន្តរងរបួសធ្ងន់។

ករណីរថភ្លើងបើកបុករថយន្តដឹកដីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវដែកមួយកន្លែង ស្ថិតក្នុងភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។

រថយន្តដឹកដីដែលត្រូវរថភ្លើងបុកបះជើង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ 3A-0317 អ្នកបើកបរឈ្មោះជូន ប្រសិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ (រងរបួសធ្ងន់) មានលំនៅក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកដីខាងលើ បានបើកបរតាមផ្លូវដោយអ្នកបើកបរបានពាក់កាសត្រចៀកស្តាប់ចម្រៀងបណ្តើរ បើកបរបណ្តើរ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏មានរថភ្លើងដឹកប្រេង១ខ្សែ បើកឆ្លងកាត់និងបានព្យាយាមចុចស៊ីផ្លេឱ្យដំណឹងដែរ ប៉ុន្តែដោយសារអ្នកបើករថយន្តដឹកដី ជក់ស្តាប់ចម្រៀងអត់ឮសំឡេងស៊ីផ្លេ ទើបធ្វើឱ្យរថភ្លើងបានជ្រុលមកបុករថយន្តដឹកដីយ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់បះជើងតែម្តង ចំណែកអ្នកបើកបរទទួលរងរបួសយ៉ាងដំណំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

RELATED ARTICLES