ខេត្តកណ្តាល ៖ បុរសជាជាងកាត់សក់ម្នាក់ប្រកបរបរយូរៗទៅហាក់មិនសូវកាក់កប ក៏បែកគំនិតនាំស្រីស្នេហ៍របស់ខ្លួនជួញដូរថ្នាំញៀន លុះទើបនឹងឡើងទៅទិញថ្នាំញៀនយកមកទុកលក់បន្តមិនទាន់បានលក់ចេញផង ក៏ត្រូវសមត្ថកិច្ចចុះចាប់ក្របួចជាប់ទាំងគូ ដោយដកហូតបានថ្នាំញៀន១២កញ្ចប់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
គូស្នេហ៍ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ រួមមាន ៖
ទី១-ឈ្មោះភក់ សុខលាប ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងកាត់សក់ មានស្រុកកំណើតនៅភូមិមាន់១០ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ទី២-ឈ្មោះពិសី ពេជ្រប៉ុកតាល ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិមាន់១០ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅជាមួយឈ្មោះភាក់ សុខលាប នៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ សហការជាមួយកម្លាំងពិសេសរហស្សនាមក្រុមស្រមោច និងកម្លាំងប៉ុស្តិ៍តាខ្មៅ ដោយទទួលបានព័ត៌មានពីពលរដ្ឋល្អថា នៅចំណុចកើតហេតុខាងលើមានការជួញដូរគ្រឿងញៀន កម្លាំងយើងក៏ចេញដល់កន្លែងកើតហេតុភ្លាម ក៏ឃាត់សួរនាំឆែកឆេររកឃើញថ្នាំញៀនចំនួន១២កញ្ចប់ ធំ១កញ្ចប់ ក៏នាំខ្លួនជនសង្ស័យទាំង២នាក់មកកាន់អធិការដ្ឋានក្រុងតាខ្មៅ ដើម្បីសួរបំភ្លឺតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះភាក់ សុខលាប និងឈ្មោះរឹម សុខឡេង បានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីឈ្មោះអាក្បាលធំ ដែលរស់នៅភ្នំពេញ ក្នុងតម្លៃ២០ម៉ឺនរៀល ដើម្បីលក់បន្តមែន។

ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕