Friday, January 16, 2026
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ប្រកាសជាថ្មី នឹងបន្តធ្វើនាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០២៨ និងអាចលើស

សម្តេចហ៊ុន សែន ប្រកាសជាថ្មី នឹងបន្តធ្វើនាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០២៨ និងអាចលើស

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ បានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ និងមន្ត្រីរាជការរាប់ពាន់នាក់ថា សម្តេចនឹងបន្តដឹកនាំប្រទេសរហូតដល់ឆ្នាំ២០២៨ ឬក្រោយឆ្នាំ២០២៨។

សម្តេចហ៊ុន សែន បានថ្លែងសារអរគុណប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តបន្ទាយមានជ័យថា សម្តេចសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនសម្តេច ដើម្បីស្វែងរកសន្តិភាព និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ការថ្លែងបែបនេះ នៅពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជានិងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ផ្លូវជាតិលេខ៥៨នេះបានចំណោយថវិកាសាងសង់១២២.៩៨លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ជាដើម។

ផ្លូវនេះមានប្រវែងសរុប១៧៤.១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺក្នុងនោះផ្លូវមេមានប្រវែង១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យប្រវែង៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែង ៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន០៤ខ្សែ មានប្រវែងសរុប៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់, បឹងត្រកួន, ជប់គគីរ និងថ្មដូន។

ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានទទឹង១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះក៏ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប១,៥៧៤ម៉ែត្រ៕

RELATED ARTICLES