Monday, November 24, 2025
Homeព័ត៌មានជាតិធ្វើការសំណង់ទាំងប្តីទាំងប្រពន្ធ សឹងមួយជីវិត សល់ទ្រព្យប៉ុណ្ណឹង ពេលនេះខ្ទេចម៉ត់

ធ្វើការសំណង់ទាំងប្តីទាំងប្រពន្ធ សឹងមួយជីវិត សល់ទ្រព្យប៉ុណ្ណឹង ពេលនេះខ្ទេចម៉ត់

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅទាំងកណ្តាលអធ្រាត្រ បង្កឱ្យផ្ទះ១ខ្នងត្រូវក្លាយជាចំណីភ្លើងអស់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវរថភ្លើង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះលី ម៉េង ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរជាងសំណង់ មានប្រពន្ធឈ្មោះគឹម ហ័ង អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ និងមានកូន៥នាក់ ព្រមទាំងក្មួយម្នាក់ទៀត សរុបទាំងអស់មួយគ្រួសារមានសមាជិក៨នាក់ សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

ចំណែកផ្ទះដែលទទួលរងការឆាបឆេះមានទំហំ៧ម៉ែត្រគុណនឹង១៥ម៉ែត្រ សង់ពីឈើជញ្ជាំងក្តារ ប្រក់ស័ង្កសី។

គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចបានប្រើរថយន្តទឹកចំនួន៤គ្រឿង ដោយបានបាញ់ឱ្យរលត់ទៅវិញនៅវេលាម៉ោង២រំលងអធ្រាត្រ។

ចំពោះការខូចខាតត្រូវបានម្ចាស់ផ្ទះបញ្ជាក់ប្រាប់ថា  អគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះរបស់គាត់១ខ្នងទាំងស្រុង ឆេះម៉ូតូ២គ្រឿង កង់របស់កូនសម្រាប់ជិះទៅរៀនចំនួន៥គ្រឿង លុយចំនួន៥ពាន់ដុល្លារ ព្រមទាំងសម្ភារនៅក្នុងផ្ទះមួយចំនួនធំ។

យ៉ាងណាក្តី អគ្គិភ័យខាងលើត្រូវបានសមត្ថកិច្ចបាញ់ទឹកទប់ស្កាត់បានទាន់ពេលវេលា ដោយមិនបង្កឱ្យមានការឆេះរាលដាលដល់ផ្ទះនៅក្បែរខាងនោះឡើយ៕

RELATED ARTICLES