Monday, November 24, 2025
Homeព័ត៌មានជាតិជាមួយពូកង់៣ ទោះស្រីអុជធូបស្បថស្បែ ក៏សមត្ថកិច្ចហៅទៅប៉ុស្តិ៍ដែរ

ជាមួយពូកង់៣ ទោះស្រីអុជធូបស្បថស្បែ ក៏សមត្ថកិច្ចហៅទៅប៉ុស្តិ៍ដែរ

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ក្រោយពីផឹកស្រាបៀរអស់៣កំប៉ុង ស្រាប់តែកើតមានអាការវិលមុខមិនសូវស្រួលខ្លួន ក៏ចូលទៅរកសេវាម៉ាស្សាក្រែងបានធូរខ្លួន លុះចូលទៅដល់ក៏ត្រូវនារីម៉ាស្សា២នាក់ ជួយកោសជប់សម្រួលសរសៃបានធូរខ្លួន ចេញមកវិញ ដកលុយឱ្យថ្លៃម៉ាស្សា ទើបដឹងថាបាត់លុយអស់១លានរៀល ក៏ទៅប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែត្រូវនាងម៉ាស្សាអះអាងថា អត់បានលួចនោះទេ និងថែមទាំងអុជធូបស្បថស្បែទៀតផង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណចុផ្ទះម៉ាស្សាមួយកន្លែង ស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលចូលម៉ាស្សាម្តងអស់១លានរៀល មានឈ្មោះមៀច តក់ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គាត់បានផឹកស្រាបៀរអស់៣កំប៉ុង ស្រាប់មានអារម្មណ៍មិនស្រួលខ្លួនវិលមុខ ក៏បើកម៉ូតូកង់បីចូលទៅកោសជប់នៅផ្ទះម៉ាស្សាខាងលើ ដោយមានស្ត្រី២នាក់ជាអ្នកកោសជប់ គក់ច្របាច់រួចរាល់ហើយ ដកលុយឱ្យថ្លៃឈ្នួល ទើបដឹងថា បាត់លុយ១លាន៥ម៉ឺនរៀល ទើបសួរនាំ តែពួកនាងៗប្រកែកដាច់ខាតទើបមានតែរត់ទៅប្តឹងប៉ូលិស។

លុះពេលកម្លាំងប៉ុស្តិ៍ចុះ ទៅដល់ក្រុមស្ត្រីម៉ាស្សាចំនួន៣នាក់ គ្រាន់តែក្រឡេកឃើញសមត្ថកិច្ច បានស្ទុះចុះពីលើគ្រែរត់ឡើងទៅសង្ងំលើផ្ទះអស់ តែត្រូវប៉ូលិសហៅចុះមកវិញ បែរជារករឿងឈ្លោះប្រកែកជាមួយគាត់ទៀតផង ដោយថា គាត់ចេះតែចោទប្រកាន់រហូតដល់ពួកនាងបានដុតធូបស្បថស្បែទៀតផង។

ប៉ុន្តែយ៉ាងណា ទោះជាស្បថស្បែរួច ក៏មិនប្រាកដថារួចខ្លួនដែរ ព្រោះត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួន ស្ត្រីថៅកែនិងស្ត្រីម៉ាស្សា២នាក់ យកទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិសតែម្តង។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ផ្ទះម៉ាស្សានៅតាមផ្លូវ២០០៤ មួយចំនួនស្ត្រីៗជាចោរលួចលុយភ្ញៀវ សូមបងប្អូនប្រជាពលរដ្ឋដែលរត់ទៅរកសេវាកោសជប់ ប្រុងប្រយ័ត្នស្ត្រីម៉ាស្សាផ្លូវ២០០៤៕

RELATED ARTICLES