Monday, November 24, 2025
Homeព័ត៌មានជាតិឧកញ៉ាឡេង ណាវ៉ាត់ត្រា ដាក់​ដំណើរ​​ការរថយន្ត​ក្រុង ជិះ​ឥត​គិត​ថ្លៃរយៈពេល៣ខែ ពីស្រុកម៉ាឡៃទៅ​ប៉ោយប៉ែត

ឧកញ៉ាឡេង ណាវ៉ាត់ត្រា ដាក់​ដំណើរ​​ការរថយន្ត​ក្រុង ជិះ​ឥត​គិត​ថ្លៃរយៈពេល៣ខែ ពីស្រុកម៉ាឡៃទៅ​ប៉ោយប៉ែត

គម្រោង​រថយន្ត​ក្រុង​ពី​ម៉ាឡៃ -ប៉ោយប៉ែត របស់​ថៅកែផលិតកម្ម Galaxy Navatra លោក​ឧកញ៉ា​ឡេង ណាវ៉ាត្រា ​បាន​បើក​សម្ពោធ​ហើយ​កាល​ពី​ចុង​សប្ដាហ៍នេះ ក្រោម​អធិបតីភាពឯក​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​ព្រម​ទាំង​ដៃគូ​ជំនួញ​ជា​ច្រើន​រូប​​​ទៀត។

រថយន្ត​ក្រុង​​​នេះ​ដាក់​​ដំណើរ​ការ​​ជូនប្រជាពលរដ្ឋ​ជិះ​ដោយ​មិន​គិតប្រាក់រយៈ​ពេល៣​ខែ ហើយ​​បន្ទាប់​មក​ក្រុម​ហ៊ុនយក​ត្រឹម​តែ​២​ពាន់​រៀល​ប៉ុណ្ណោះ ខណៈ​ប្រជាពលរដ្ឋ​ជិះ​​​ម៉ូតូ​ឌុប​អស់​មិន​ក្រោម​២ម៉ឺន​រៀល​ឡើយ​ក្នុង​មនុស្ស​ម្នាក់។

ឯកឧត្ដម អ៊ុំ មេត្រី អភិបាល​​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ

នេះ​ជាកាដូ​ធំ​មួយរបស់​ក្រុមហ៊ុន “ឆាយណាប៉ោយប៉ែត ស៊ែតថឺឡាយ ស៊ីធី” ​មាន​លោក​ឧកញ៉ាឡេង ណាវ៉ាត្រា ជា​​ម្ចាស់​ភាគ​ហ៊ុន​​​មួយ​កំពុង​តែ​វិនិយោគ​លើ​ទឹក​ដីខេត្ត​បន្ទាយ​មាន​ជ័យ ​នេះ ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​​ ក៏​ដូច​ជាអាជ្ញាធរ​បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅពេល​ខេត្ត​ជាប់​​ព្រំដែន​ថៃ​មួយ​​នេះ មាន​រថយន្ត​ក្រុងជា​លើក​ដំបូង​គេ។

តាម​ការ​លើក​ឡើងរបស់​ឯកឧត្ដម អ៊ុំ មេត្រី អភិបាល​​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ខ្សែ​រថយន្ត​ក្រុង​សាធារណៈ​ដែល​បាន​​ដាក់​ឲ្យ​ដំណើរ​ការ​នេះ ផ្ដល់​សេវា​ដឹក​ជញ្ជូន​ទៅ​មក​ក្នុង​រយៈ​ចម្ងាយ​៤០​គីឡូម៉ែត្រ រវាង​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយ​ប៉ែត ​​មាន​ចំនួន​១៥​គ្រឿង នឹង​ផ្លាស់​គ្នា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈ​ពេល​២០​នាទី​ម្ដង ដោយ​ក្នុង​១គីឡូម៉ែត មាន​ចំណង​​​មួយ។ ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​នេះដោយ​ឥត​គិត​ថ្លៃ​​ ក្នុង​រយៈ​ពេល​៣​ខែ​ដំបូង។ បន្ទាប់​ពី​នោះ រថយន្ត​ក្រុង​​សាធារណៈ​ទៅ​មក​រវាង​ស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត​នេះ នឹង​ចាប់​ផ្ដើម​​គិត​ថ្លៃ​២០០០​រៀល ​ក្នុង​អ្នក​ដំណើរ​ម្នាក់។

លោកអភិបាល​ខេត្ត​ សង្ឃឹម​ថា សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះនឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ កាត់​បន្ថយ​ចំណាយ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​នៅ​កម្ពុជា​។

លោកក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ប្រើ​ប្រាស់​សេវា​រថយន្ត​ក្រុង​នេះ​ទាំង​អស់​គ្នា នៅ​ពេល​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​ម៉ាឡៃ​។ ហើយឯកឧត្ដម​បាន​សម្ដែង​ការ​គាំទ្រ និង​កើត​សរសើរ​ជា​ខ្លាំង​នៅ​ទឹក​ចិត្ត​របស់​ក្រុមហ៊ុន​ដែល​បាន​ចូល​រួម​ចំណែក​ជួយ​ឲ្យ​មាន​សេវា​រថយន្ត​ក្រុង​បែប​នេះ ប្រជាពលរដ្ឋ​ ក៏​ដូច​ជាអាជ្ញាធរ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។

ឯកឧត្ដមលើក​ឡើង​ថា នៅ​​ស្រុក​ម៉ាឡៃ ដំបូង​ឡើយ​ជា​ទីតាំង​សមរភូមិ​ក្ដៅ​មួយ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​មនុស្ស​មួយ​ចំនួន​ខ្លាច​រអាមិន​ហ៊ាន​មក​ឡើយ ប៉ុន្តែ​បន្ទាប់​ពី​ប្រទេស​មាន​សុខ​សន្តិភាពទី​នេះ​ក្លាយ​ជា​ទីប្រជុំជនដែល​ស្ថិត​ក្នុង​​ក្រសែ​ភ្នែកវិនិយោគ​ជា​ច្រើន​ទាំងជាតិ​និង​អន្តរជាតិ។

បច្ចុប្បន្ន​មាន​នៅ​ស្រុក​ម៉ាឡៃ មាន​ក្រុមហ៊ុន​ធំ២ ដែល​កំពុងតែ​សម្រុក​វិនិយោគ​លើ​ទឹក​ដី​មួយ​នេះ ទី១​ក្រុមហ៊ុន “ឆាយណាប៉ោយប៉ែត ស៊ែតថឺឡាយ ស៊ីធី” ​ របស់លោក​ឧកញ៉ាឡេង ណាវ៉ាត្រា ​កំពុង​តែ​វិនិយោគ​លើ​ផ្ទៃ​ដី​ជាង​១​ពាន់​ហិតា​នេះ ជា​ទីក្រុង​រណប​ថ្មី​មួយនៃ​ខេត្ត​​​បន្ទាយ​មាន​ជ័យ ដែល​ប្រជុំ​ទៅ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ខុនដូ រីសត ផ្ទះ​ល្វែង វីឡា ភោជនីយដ្ឋាន ជា​ដើម។ ទី២ ក្រុមហ៊ុនមជ្ឈិមស្ទាល អ៊ីនធើប្រាយ របស់​លោកស្រីណាគ្រី ដែលវិនិយោគ​រោងចក្រ​អគ្គិសនីដើ​រដោយ​ពន្លឺ​ព្រះអាទិត្យ​ (សូឡា) រោង​ចក្រ​ទឹក​កក និងតំបន់​សេដ្ឋកិច្ច។

តាម​ការ​បញ្ជាក់​ពី​ក្រុម​ហ៊ុន ជា​មួយ​ការ​រួម​ចំណែក​ជួយដល់​ប្រជាពលរដ្ឋ​នេះ​ទី​នេះ ក្រៅ​ពី​​ជួយ​លើ​សេវា​រថយន្ត​ក្រោយ ដោយសារតែ​ទី​នេះ ខ្វះ​ទឹក ក្រុមហ៊ុន​គ្រោង​ជីក​ប្រឡាយ​ទឹក​ជា​ច្រើន​គីឡូម៉ែត្រ ដើម្បី​ស្ដុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ នឹង​បង្កើត​រមណីយដ្ឋាន​ជា​​ច្រើន​ទៀត ជូន​ប្រជាពលរដ្ឋ​រស់​នៅ​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។

ជា​​មួយ​សេវា​រថយន្ត​ក្រុង​នេះ​ផង​ដែរ ឯកឧត្ដម អ៊ុំ មេត្រី បាន​ឲ្យ​ដឹង​បន្ថែម​ថា ប្រសិន​បើ​ដំណើរការ​នេះ​ទទួល​បាន​ជោគជ័យ អាជ្ញាធរ​ខេត្ត​នឹង​ពិចារណា​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ក្រុង​សាធារណៈ​ជំហាន​បន្ទាប់​ទៀត រវាង​​ក្រុង​ប៉ោយប៉ែត​និង​ក្រុង​សិរីសោភ័ណ ​បន្ត​ទៀត៕

RELATED ARTICLES