ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកម្លាំងជំនាញស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លូនជនបរទេស៣នាក់ និងខ្មែរម្នាក់ ជាមុខសញ្ញាបោកប្រាស់ជនរងគ្រោះតាមហ្វេសប៊ុក គិតជាទឹកប្រាក់សរុបអស់ចំនួន៨,៤៥០ដុល្លារសហរដ្ឋអាមេរិក ដោយសន្យាថានឹងផ្ញើលុយកាក់ គ្រឿងអលង្ការ សម្ភារៈជាបន្តបន្ទាប់ ដើម្បីសង់ផ្ទះនិងផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរឡើង តែទីបំផុតត្រូវចាញ់បោកក្រុមជនសង្ស័យនេះទៅវិញ។
ជនរងគ្រោះឈ្មោះវណ្ណនី ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរកសិករ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុ ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Michael Johnson បានទាក់ទងជាមួយជនរងគ្រោះឈ្មោះវណ្ណនី តាមហ្វេសប៊ុកអស់រយៈពេលពីរខែមក ហើយដោយឈ្មោះ Michael Johnson បានលួងលោមបោកប្រាស់ខ្លួនតាមរយៈ Messenger ដើរតួជាជនជាតិអង់គ្លេស ធ្វើជាមានចិត្តអាណិតអាសូរជនរងគ្រោះ ព្រោះដឹងថា ជនរងគ្រោះមានជីវភាពខ្សត់ខ្សោយខ្វះជម្រកស្នាក់នៅសមរម្យ ដូចនេះគេនឹងផ្ញើលុយកាក់ គ្រឿងអលង្ការ សម្ភារៈដើម្បីសង់ផ្ទះនិងផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរឡើង។

លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Michael Johnson បានទាក់ទងមកជនរងគ្រោះតាមរយៈ Messenger ឱ្យផ្ញើលុយជាបន្តបន្ទាប់ គិតជាទឹកប្រាក់សរុបអស់ចំនួន៨៤៥០ដុល្លារសហរដ្ឋអាមេរិក នៅផ្ទះវីងវេរលុយមួយកន្លែង ស្ថិតក្នុងបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ដើម្បីរត់ការផ្ញើលុយកាក់ គ្រឿងអលង្ការ សម្ភារៈដើម្បីសង់ផ្ទះ និងផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរ ឡើងនោះ។
ទម្រាំដឹងខ្លួនថា ចាញ់បោកក្រុមជនសង្ស័យ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះវណ្ណនី បានដាក់ពាក្យបណ្តឹងមកកងរាជអាវុធហត្ថស្រុកល្វាឯម ដើម្បីឱ្យជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹងជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់ រហូតកំណត់មុខសញ្ញាជនសង្ស័យឈ្មោះរ៉ុម សុខលាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកដើរតួជាមន្ត្រីធ្វើការនៅខាងប្រៃសណីយ៍ និងជាអ្នកទៅដកប្រាក់ដែលជនរងគ្រោះវេរប្រាក់តាម Wing ទៅឱ្យម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Michael Johnson។

រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកម្លាំងជំនាញស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះរ៉ុម សុខលាង ចំណុចផ្ទះវីងវេរលុយមួយកន្លែង ស្ថិតក្នុងភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដកហូតវត្ថុតាងរួមមានម៉ូតូ១គ្រឿង ម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IC-7298 ទូរស័ព្ទ៤គ្រឿង, ក្រដាសដកលុយវីង១សន្លឹក (ដកមិនបានសម្រេច) និងបាននាំមកកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីសាកសួរបន្តនីតិវិធីតាមច្បាប់។

ប្រភពបន្តថា លុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្ត បានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ថែមទៀត គឺ ៖
ទី១-ឈ្មោះ EMMANUEL SUNJAY អាយុ៣១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា
ទី២-ឈ្មោះ GABRIEL PHILEP អាយុ២១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា
និងទី៣-ឈ្មោះលីធី ង្វឿងថាវ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។

ជនទាំង៣នាក់ ស្នាក់នៅជាមួយគ្នាផ្ទះជួលក្នុងបុរី “លឹម ឈាងហាក់” ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយចាប់យកវត្ថុតាង រួមមាន លេបថប៣គ្រឿង, ទូរស័ព្ទ៩គ្រឿង, ដុំសម្រាប់ប្រើអ៊ីនធើរណេត២ដុំ, ស៊ីមកាតមួយចំនួនធំ និងសម្ភារៈមួយចំនួនទៀត។

ជនសង្ស័យជាជនបរទេសទាំង៣នាក់ខាងលើ ត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាល សហការគ្នាជាមួយជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរកឃើញថា មកស្នាក់នៅក្នុងកម្ពុជា ដោយខុសច្បាប់ និងមានបទល្មើសផ្សេងទៀត ហើយក៏បានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមច្បាប់៕