ភ្នំពេញ ៖ បុរសម្នាក់ព្យាយាមបើកម៉ូតូស្កាត់មកពីខេត្តតាកែវ ដល់ផ្សារច្បារអំពៅ ក៏បានប្រើល្បិចបន្លំលួចទូរស័ព្ទដៃ ប៉ុន្តែត្រូវបានម្ចាស់ឃើញទាន់ក៏ស្រែកឆោឡោផ្អើលពលរដ្ឋនាំគ្នាព័ទ្ធចាប់បាន ទីបំផុតជាប់ខ្នោះរបស់សមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅហាងលក់ទូរស័ព្ទដៃមួយកន្លែង នៅផ្ទះលេខ៥៦ កាលពីវេលាម៉ោង២រសៀល ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
ជនរងគ្រោះក្នុងអំពើលួចនេះ ឈ្មោះម៉ៅ ភារិន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនបាននេះ ឈ្មោះផន វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង់រវាង ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខតាកែវ 1Q-2244 មកឈប់នៅមុខហាងលក់ទូរស័ព្ទដៃខាងលើ រួចយកទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ស មកលក់ ប៉ុន្តែជនរងគ្រោះមិនទិញ រួចជនសង្ស័យក៏ឱ្យជនរងគ្រោះយកទូរស័ព្ទដៃម៉ាក OPPO ពណ៌ក្រហម មកពិនិត្យមើល ហើយសុំជនរងគ្រោះដូរជាមួយទូរស័ព្ទដៃរបស់ខ្លួន តែជនរងគ្រោះឱ្យជនសង្ស័យថែមលុយ៥០ដុល្លារ។
ពេលនោះ ជនរងគ្រោះរវល់លក់ទូរស័ព្ទភ្លេចខ្លួន ជនសង្ស័យក៏លួចយកទូរស័ព្ទរបស់ជនរងគ្រោះម៉ាកខាងលើ រួចបានឡើងបើកម៉ូតូបម្រុងគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗផ្អើលពលរដ្ឋនាំគ្នាដេញចាប់បានជនសង្ស័យ រួមនឹងវត្ថុតាងយកមកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕
ប្រជាពលរដ្ឋដែលជួយដេញចាប់ជនសង្ស័យខាងលើ នឹកហួសចិត្ត ព្រោះប្រើល្បិចលួចបន្លំទាំងកណ្តាលថ្ងៃត្រង់ តែទីបំផុតជាប់គុក ព្រោះតែទូរស័ព្ទដៃមួយតម្លៃត្រឹមតែ៥០ដុល្លារ៕