កណ្តាល៖ បុរសម្នាក់រួមជាមួយមិត្តភក្តិបានផឹកស្រាស្រវឹងក៏នាំគ្នាចូលខារ៉ាអូខេ ប៉ុន្តែត្រូវបានម្ចាស់ខារ៉ាអូខេមិនឲ្យអនុញ្ញាតឲ្យចូល ហើយពួកគេបានត្រឡប់មកផ្ទះវិញអស់ ប៉ុន្តែស្រាប់តែបាត់ខ្លួនបុរសម្នាក់ គិតរហូតមកដល់ថ្ងៃនេះមានរយៈពេល៨ថ្ងៃហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបាត់ខ្លួន មានឈ្មោះផន សុខខន ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅៗភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ លោកផន សុខខន រួមជាមួយអ្នកភូមិចំនួន០៦នាក់ទៀត បាននាំគ្នាទៅស៊ីឈ្នួលលីសែងផ្លែស្វាយនៅចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ លុះលីសែងស្វាយរួចហើយ ពួកគេបាននាំគ្នាត្រឡប់មកផ្ទះផឹកស៊ីអស់ស្រាសចំនួន១លីត្រកន្លះ លាយជាមួយស្រាបៀរ ABC ចំនួន១កំប៉ុង។

សមត្ថកិច្ចបន្តទៀតថា ក្រោយផឹកស៊ីចប់ ពួកគេនាំគ្នាត្រឡប់ទៅផ្ទះរៀងខ្លួន ប៉ុន្តែជនរងគ្រោះផន សុខខន និងមនុស្ស២នាក់ទៀត គឺឈ្មោះ វិច ឆៃ និងឈ្មោះ ដូយ ផៃ ហៅនិល នៅភូមិឃុំជាមួយគ្នា បាននាំគ្នាជិះម៉ូតូ១គ្រឿងទៅច្រៀងខារ៉ាអូខេ ពេលដល់ចំណុចខារ៉ាអូខេស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មីស្រុកកោះធំខេត្តកណ្ដាល ម្ចាស់ហាងខារ៉ាអូខេមិនឲ្យអ្នកទាំង៣នាក់ខាងលើចូលច្រៀង។ ពួកគេក៏បាននាំគ្នាជិះម៉ូតូត្រឡប់មកដល់ផ្ទះវិញហើយចូលផ្ទះរៀងៗខ្លួន។
សមត្ថកិច្ចបន្ថែមទៀតថា លុះមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្រាប់តែឪពុករបស់ជនរងគ្រោះផន សុខខន បានមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី ឲ្យជួយអន្តរាគមន៍តាមរកកូនប្រុសរបស់គាត់ ដែលបាត់ខ្លួន រហូតមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅតែមិនទាន់ឃើញ។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញគ្រប់ផ្នែក និងក្រុមគ្រួសារ កំពុងស្រាវជ្រាវរកបន្ត៕